(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេសនៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងដំណើរបំពេញទស្សនៈកិច្ចនេះលោក ប្រាក់ សុខុន និងសមភាគីតូហ្គោ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ លោកសាស្ត្រាចារ្យ Robert DUSSEY នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួនផងដែរ។
ដំណើរទស្សនកិច្ចនេះ កើតមានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតូហ្គោ ផងដែរ៕