(រតនគិរី)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។

កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក នាង សំអាត អភិបាលរងខេត្ត។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ប្រធានមន្ទីរអង្គភាពមួយចំនួន លោក លោកស្រី អ្នកនាងកញ្ញា ជាបេក្ខជន ឬតំណាងបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិក សមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ព្រមទាំងមន្រ្តីសម្របសម្រួល និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។

ក្នុងឱកាសនោះលោក នាង សំអាត បានថ្លែងថា ការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម ដើម្បីជ្រើសរើសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី តាមនីតិវិធីតម្រូវឲ្យមានការរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តដើម្បីផ្តល់ឱកាសអោយពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត។

អភិបាលរងខេត្តបន្តថា រដ្ឋបាលខេត្តរតនគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តអញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសម្រាប់អាណត្តិទី១ លើកទី១មានចំនួន ១៩៧នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះសមាជិកសភាពាណិជ្ជកម្ម មានចំនួន១៨នាក់។

ថ្លែងនៅក្នុងពិធីនេះលោក ម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តរតនគិរីចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត និងថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។

បន្ទាប់ពីការចាប់ឆ្នោតយកលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត រួចមក លោក ម៉ៅ ថូរ៉ា បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្ត ទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា អាជីវករបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរីមានចំនួន១៩៧នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះសមាជិកសភាពាណិជ្ជកម្ម មានចំនួន១៨នាក់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ចាប់ពីម៉ោង ៨៖០០ ព្រឹក រហូតដល់ម៉ោង ៣៖០០ នាទី រសៀល នៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី៕