(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ស្វាមី លោក ស្វាយ ដូត ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជាការបាត់ បង់ ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងសាច់ញាតិជិតឆ្ងាយទាំងអស់។ ជាពិសេសជាការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ស្វាយ ដូត ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោក ស្វាយ ដូត បានទទួលមរណភាពដោយសារបញ្ហាបេះដូង ពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ ឭមន្ត្រីកម្ពុជា។ លោក ស្វាយ ដូត ជាមន្ត្រីមួយរូបដែលស្លូតបូត និងស្មោះត្រង់ ហើយទទួលបានការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។

មរណភាពរបស់លោក ស្វាយ ដូត បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារ មន្ត្រីរួមការងារ ក៏ដូចជាមិត្តភក្តិ។

សពរបស់លោក ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕