(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យមានការស្រាវជ្រាវជំងឺរបេងគ្រប់សណ្ឋាន ស្របតាម ទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ និងតាមអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមានគោលដៅកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងឱ្យថយចុះជាលំដាប់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្មវិធីជាតិនៃក្រសួងសុខាភិបាល ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី យក់ សម្បត្តិ ក្នុងឱកាសអញ្ជើញបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
លោកស្រីបានថ្លែងបន្ដថា «ខ្ញុំសង្ឃឹមថាស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្រ្តីដឹកនាំ និងគ្រប់គ្រងសុខាភិបាលរាជធានី-ខេត្ត ស្រុក នឹងបន្តសហការណ៍គ្នាឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត ជាពិសេសជាមួយប្រជាពលរដ្ឋផ្ទាល់ នឹងធ្វើឲ្យកម្ពុជានៅតែបន្តជាប្រទេសមួយមិនវិលត្រឡប់ចូលទៅកាន់ប្រទេសមានករណីឆ្លងជំងឺរបេងធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសទាំង៣០លើពិភពលោកនោះទេ»។
ទន្ទឹមនឹងនេះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងក្លា ចំពោះសមិទ្ធិផល ដ៏គួរជាទីមោទនៈ ដែលការងារកំចាត់រោគរបេងទទួលបានសមិទ្ធផលថ្មីៗ គួរឲ្យកត់សម្គាល់
ដោយអត្រាឈឺ បានធ្លាក់ចុះ ៤២ភាគរយ និងស្លាប់ថយចុះ ៥០ភាគរយ។ លើសពីនេះកម្ពុជាបានចាកចេញពីប្រទេសចំនួន៣០ ដែលមានអត្រាឆ្លងជំងឺរបេងធ្ងន់ធ្ងរនៅលើសាកលលោក (២០២១-២០២៥) វាយតម្លៃដោយអង្គការសុខភាពពិភពលោក។ នេះជាភាពជោគជ័យដ៏ល្អប្រសើរ ដែលកើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ខណៈក្រសួងសុខាភិបាល ក្រោមការដឹកនាំដោយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននឹងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន។
ឆ្លៀតក្នុងឱកាសនោះលោកស្រី យក់ សម្បត្តិ ក៏បានថ្លែងអំណរគុណដោយស្មោះចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ មន្រ្តីដឹកនាំនិងគ្រប់គ្រងសុខាភិបាលរាជធានី-ខេត្ត ស្រុក ដែលបានគាំទ្រការងារកំចាត់រោគរបេងធ្វើឱ្យការងារនេះមានការរីកចម្រើនឥតឈប់ឈរ។ ជាចុងក្រោយលោកស្រីក៏បានផ្តល់ជូនគន្លឹះមួយចំនួនដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី២០២៥ ក៏ដូចជាឆ្នាំបន្តបន្ទាប់ដូចជា៖
១៖ ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឱ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។
២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺ ឱ្យឆាប់មកទទួលសេវារបេង ប្រកបដោយគុណភាព។
៣៖ ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេងការងាររបេងកុមារ និងពិសេសការអង្កេតស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹង អ្នកជំងឺរបេង និងក្រុមមានហ និភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅពន្ធនាគារជាដើម ។
៤៖បន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំនិងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀតនូវអត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។
៥៖ ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាង ជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ៕