(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងអំពីការផ្តល់នូវអនុសាសន៍ដល់ក្រសួងសុខាភិបាល ដែលបានស្នើសុំសម្តេច ចង់ដំឡើងចំនួនឆ្នាំសិក្សារបស់និស្សិតពេទ្យ ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រពី ៦ឆ្នាំ ទៅ៨ឆ្នាំវិញ ប៉ុន្តែការស្នើនេះត្រូវបានសម្តេចមិនយល់ស្របឡើយ ព្រោះខាតរយៈពេល និងថវិកាសម្រាប់ការសិក្សារបស់និស្សិតពេទ្យ។

សម្តេចនាយករដ្ឋមន្ត្រី គាំទ្រឱ្យពង្រឹកគុណភាព និងសមត្ថភាពរបស់និស្សិតពេទ្យ ប៉ុន្តែមិនមែនដំឡើងឆ្នាំសិក្សានោះទេ គឺត្រូវបន្ថែមមេរៀន ដែលត្រូវសិក្សាទៅក្នុងរយៈពេល ៦ឆ្នាំដែលកំពុងមានស្រាប់។

បើតាមសម្តេចបវរធិបតី ការស្នើរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលយល់ឃើញថា វេជ្ជបណ្ឌិតឯកទេស (DES) សមត្ថភាពហាត់ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម។

ការថ្លែងរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

សម្តេចបានថ្លែងដូច្នេះថា «ឯកឧត្តម ឈាង រ៉ា និងពេទ្យមួយចំនួនដាក់មកខ្ញុំ គាត់ថាអ្នករៀន DES អត់សូវមាំទេ ដោយសារយើងកាត់២ឆ្នាំ ពីមុនរៀន៨ឆ្នាំហើយបានទៅរៀន DES អីចឹងសំណូមពរមកខ្ញុំចង់យកប្រព័ន្ធរៀន៨ឆ្នាំមកវិញ បានខ្ញុំប្រាប់ថា ការពង្រឹងសមត្ថភាពត្រូវតែធ្វើ ប៉ុន្តែត្រូវរកវិធីសាស្ត្រណាដែលប៉ះពាល់តិច ខ្ញុំឱ្យយោបល់ទៅវិញ កុំចាំបាច់បន្ថែម២ឆ្នាំ ឱ្យចំណាយពេលវេលា និងថវិកា យើងឱ្យរៀន៦ឆ្នាំដដែល ប៉ុន្តែត្រូវយកមេរៀនដែលកាត់ចោល២ឆ្នាំនោះ មកបញ្ចូលជាមួយពេលវេលា៦ឆ្នាំដែលមានស្រាប់។ ដំណោះស្រាយនេះ យើងអាចនិយាយបានថា ព្រួញមួយបាញ់បានសត្វពីរ ពេលវេលាក៏មិនត្រូវកើន មេរៀនសិស្សក៏អត់រំលង សមត្ថភាពគាត់ក៏មាន នេះហើយវិធីសាស្ត្រ ត្រូវច្នៃប្រឌិតបែបនេះ»

សូមជម្រាបថា ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រ តម្រូវឱ្យសិក្សារយៈពេល ៦ឆ្នាំ ហើយបន្ទាប់មកទើបត្រូវប្រឡងចូលសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) ត្រូវសិក្សារយៈពេល៣ឆ្នាំ ឬ៤ឆ្នាំ ទៅតាមជំនាញឯកទេស៕