(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបាននូវសេវាសុខភាពមាត់ធ្មេញ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ទាំងលើសេវាឯកជន និងសាធារណៈ។
លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។
ការលើកឡើងរបស់លោករដ្ឋលេខាធិការ ក្រសួងសុខាភិបាលធ្វើឡើងក្នុងពិព័រណ៍ទន្ដសាស្រ្ដលើកទី២៣ របស់សមាគមទន្ដពេទ្យកម្ពុជា និងរៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងឲ្យដឹងថា សមាគមទន្តពេទ្យកម្ពុជាតែងយកចិត្តទុកដាក់រួមចំណែក ជាមួយគណៈទន្តពេទ្យកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំ ជាទៀងទាត់ដែលជាការផ្ដល់ឱកាស ដល់ទន្តពេទ្យមកពីគ្រប់បណ្តារាជធានីខេត្តក្នុងកម្ពុជា ជូបជុំរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍គ្នា។
លោកសាស្រ្ដាចារ្យបានបន្ដថា សុខភាពមាត់ធ្មេញរបស់ប្រជាជនល្អ គឺមានន័យថាសុខភាពទូទៅបានប្រសើរ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈ ការកាត់បន្ថយការ ចំណាយលើការថែទាំព្យាបាលជម្ងឺ និងបង្កើនប្រសិទ្ធិផលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ក្នុងនាមជាទន្តពេទ្យត្រូវមានតួនាទីសំខាន់ ក្នុងការធានាឲ្យប្រជាជនទទួលបាន សេវាសុខភាពមាត់ធ្មេញដែលមានគុណភាព សុវត្ថិភាព និងសមធ៌ម ។
លោកសាស្រ្ដចារ្យ ឡឹម តារា បានបញ្ជាក់ថា ក្រសួងសុខាភិបាលក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការកសាងធនធានមនុស្ស ក្នុងវិសយ័សុខាភិបាល ទាំងសមត្ថភាពបច្ចេកទេស និងក្រមសីលធម៏វិជ្ជាជីវៈ ដែលក្នុងនោះផ្នែកទន្តសាស្ត្រ មានទន្តបណ្ឌិតនិងទន្តពេទ្យទាំងអស់ ជាកម្លាំងស្នូលមួយក្នុងវិស័យសុខាភិបាល។
លោកសាស្រ្ដចារ្យ ឡឹម តារា បានបញ្ជាក់បន្ថែមថា «ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបាននូវ សេវាសុខភាពមាត់ធ្មេញ ប្រកបដោយ គុណភាព សុវត្ថិភាព និងសមធ៌ម ក្នុងតម្លៃសមរម្យ ទាំងក្នុងផ្នែកសាធារណ និងឯកជន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវ ដល់សមាគមទន្តពេទ្យនិងគណៈទន្តពេទ្យកម្ពុជាជំរុញដល់ សមាជិកសមាជិការទាំងអស់ ពិសេសក្មួយនិស្សិត ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លានេះជូនជាតិមាតុភូមិ»។
លោក ប៉ូច សុភារ័ត្ន ប្រធានគណៈទន្ដពេទ្យកម្ពុជាបានថ្លែងឲ្យដឹងថា គណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្ម លើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៏ សេចក្ដីថ្លៃថ្នូរ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្ររបស់ទន្តពេទ្យ និងធានាបានថា ប្រជាជនកម្ពុជា
ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និង សុវត្ថិភាព។
លោកបានបន្ដថា «គណៈទន្តពេទ្យកម្ពុជា ក៏សូមណែនាំដល់ទន្តពេទ្យទាំងអស់ ឱ្យប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាប្រយោជន៍ដល់វិជ្ជាជីវៈទន្តសាស្ត្រ និងសាធារណៈជនទាំងមូលនិងចៀសវាងជាដាច់ខាតនូវការបង្ហោះ ឬចែករំលែកសារ រូបភាព ឬវីដេអូដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ»។
លោកបានបញ្ជាក់ថា សូមអំពាវនាវជាថ្មីម្តងទៀត ដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ចូលរួមសិក្សាស្វែងយល់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសក្រមសីលធម៌ទន្តពេទ្យ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិសយ័សុខាភិបាល និងដែនកំណត់បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សំរាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា ដើម្បីឲ្យការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ មានសុវត្ថិភាព គេចផុតពីការដាក់ពិន័យ និងទោសទណ្ឌជាយថាហេតុ។
គណៈទន្តពេទ្យកម្ពុជា សូមវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់សមាគមទន្តពេទ្យកម្ពុជា
ក្នុងការរៀបចំសិក្ខាសាលានេះ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ ការធ្វើបទបង្ហាញ និងធ្វើការសាកសួរឲ្យបានច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាមួយនឹងវាគ្មិនជាតិ និងអន្តរជាតិ នៅក្នុងសិក្ខាសាលារយះពេលពីរថ្ងៃនេះ ដើម្បីបំពេញបន្ថែមសមត្ថភាពវិជ្ជាជីវៈ ទាំងចំណេះដឹង និងជំនាញអនុវត្ត៕