(សៀងហៃ, ចិន)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមការតាំងពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកល លើកទី៤ (4th Global International Logistics and Supply Chain Expo) នៅទីក្រុងសៀងហៃ ប្រទេសចិន តបតាមការអញ្ជើញរបស់សម្ព័ន្ធ AiLA ឡូជីស្ទីក។
ការតាំងពិព័រណ៌ពាណិជ្ជកម្ម លើកទី៤ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៥ ទទួលបានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនង ពីភ្ញៀវជាតិ និងអន្តរជាតិក្នុងវិស័យ ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាង១៣០០០នាក់ ក្នុងនោះសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគមផងដែរ។
ក្នុងនោះ លោកប្រធានសមាគម ត្រូវបានអញ្ជើញជាគណអធិបតី និងឡើងថ្លែងសុន្ទករថា ក្នុងការបើកសម្ពោធការតាំងពិពរណ៌ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តាប្រទេសផ្សេងទៀតជាច្រើនរូប។
លោកប្រធានសមាគម បានថ្លែងជម្រាបភាគីចិន និងបណ្តាប្រទេសផ្សេងទៀត អំពីសារៈសំខាន់នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិនមានសមាគម សម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើនដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជំរុញសេវាកម្មឱ្យគ្នាទៅវិញមក ដោយចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាសសៃឈាមនៃសេដ្ឋកិច្ចសកល។
លោកក៏បានបន្ថែមទៀតថា រាជរដ្ឋាបាលកម្ពុជា បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូនជាវិស័យដែលអាទិភាព និងបានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមកកម្ពុជាទៀតផង។
លោកប្រធានសមាគម ក៏បានលើកឡើងអំពីការអភិវឌ្ឍជាច្រើនរបស់កម្ពុជា និងបានប្រាប់ឱ្យម្ចាស់អាជីវកម្ម និងបណ្តាប្រទេសប្រទេសផ្សេងទៀត ឱ្យមកធ្វើទស្សកិច្ចនៅកម្ពុជាមកជួបអ្នកជំនាញ និងស្វែងរកឱកាសសម្រាប់វិនិយោគ រួមឱ្យសម្ព័ន្ធឡូជីស្ទីក AiLaដឹកនាំប្រតិភូទស្សកិច្ចនៅកម្ពុជាបន្ថែម បន្ទាប់ពីទទួលជោគជ័យក្នុងដឹកនាំមកចំនួន២លើក រួចមកហើយ៕