(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងប្រមូលធាតុលើកទី១ ស្ដីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ «វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» របស់ ក.ប.ទ.។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ សហគមន៍អ្នកជំនាញ អ្នកបច្ចេកទេស និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈនិងវិស័យឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជាមួយគ្នានេះ រដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធផលរបស់ ក.ប.ទ. ក្នុងការចូលរួមធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍសេដកិច្ចនិងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ការស្រាវជ្រាវនិងការប្រើប្រាស់បច្ចេកវិទ្យាឈានមុខថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

បន្ថែមលើនេះ សិក្ខាសាលាក៏មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារជំនាញ ក.ប.ទ. លើប្រធានបទសំខាន់ៗ រួមមាន៖ (១) សាវតារនិងវឌ្ឍនភាពការងារបញ្ញាសិប្បនិម្មិតនៅកម្ពុជា (២) ឯកសារគោលនយោបាយបញ្ញាសិប្បនិម្មិតថ្នាក់តំបន់ (៣) លទ្ធផលនៃការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា និង (៤) ទស្សនាទាននិងចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រស្តីពីបញ្ញាសិប្បនិម្មិត។

សូមជម្រាបផងដែរថា ក.ប.ទ. នឹងរៀបចំសិក្ខាសាលាប្រមូលធាតុចូលលើកទី២ ស្ដីពី «ការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត» ក្រោមប្រធានបទ «កិច្ចពិភាក្សានៃសហគមន៍អ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិត» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១២:00នាទីព្រឹក នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ក.ប.ទ. អនុញ្ញាតឱ្យអ្នកជំនាញនិងអ្នកបច្ចេកទេសបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ព្រមទាំងនិស្សិតមកពីគ្រប់ស្ថាប័នចូលរួមសិក្ខាសាលានេះដោយផ្ទាល់ដោយតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/aiworkshoppublic ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតពេញកន្លែងដែលបានកំណត់៕