(ភ្នំពេញ)៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានសហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពីវឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់ការយល់ដឹង និងស្វែងរកយុទ្ធសាស្ត្រ ដើម្បីជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងវិស័យទឹកនៅកម្ពុជា។

លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសង្កត់ធ្ងន់លើតួនាទីស្នូលទាំងបីរបស់រដ្ឋសភាគឺ តួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ និងតួនាទីជាអ្នកតំណាង។ លោកស្រីបានសម្តែងនូវការគាំទ្រយ៉ាងម៉ុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ីវិស័យ ឧ.វ.ប.ន. របស់កម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា មានប្រសាសន៍ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់ចំពោះកំណើន និងការប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី បានណែនាំឱ្យមានការលើកទឹកចិត្តពង្រឹងការសម្របសម្រួលលើគ្រប់វិស័យនិងគ្រប់ស្រទាប់នៃរដ្ឋាភិបាល ជំរុញភាពជាដៃគូសាធារណៈឯកជននិងប្រជាពលរដ្ឋ និងលើកកម្ពស់តួនាទីតាមដានត្រួតពិនិត្យរបស់សភាលើវិស័យ ឧ.វ.ប.ន.។

សម្តេចបន្ថែមថា«យើងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង និងធ្វើការវិនិយោគធនធានបន្ថែមទៀត លើការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតវិទ្យាល័យ រួមនឹងការពង្រឹងមូលធនមនុស្ស ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។ បើមិនដូច្នេះទេ យើងមិនអាចតាមទាន់និន្នាការ នៃការអភិវឌ្ឍបច្ចេកវិទ្យាបាននោះឡើយ។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងអ្នកពាក់ព័ន្ធពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីគាំទ្រ ដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិច (E-Government) ក្នុងប្រព័ន្ធការងារ ដើម្បីបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពឱ្យបានកាន់តែខ្ពស់ ដោយកាត់បន្ថយនូវភាពយឺតយ៉ាងបង្កដោយការិយាល័យធិបតេយ្យ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៧ ដើម្បីលើកស្ទួយឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា រួមមាន៖ ១. ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមានផលិតភាពខ្ពស់ ២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ៣. ការអភិវឌ្ឍគុណវុឌ្ឍិ និងការពង្រឹងការអនុវត្តនៃហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ៤. ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ៥. ការពង្រឹងតួនាទីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងវិស័យសាធារណៈ និងឯកជន ៦. ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និង៧. ការពង្រឹង និងលើកកម្ពស់សមត្ថភាពស្ថាប័ន។

លោក អ៊ុំ សារឹទ្ធ ប្រធាន គណៈកម្មការទី ៩ នៃព្រឹទ្ធសភា បានមបានថ្លែងថា លទ្ធផលនៃវេទិកាផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តជាមួយនិងការចូលរួមសហការគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីស្វែងរកដំណោះស្រាយជាយុទ្ធសាស្រ្ត សម្រាប់តាក់តែងច្បាប់ និងបទដ្ឋានគតិយុត្ត ព្រមទាំងសម្រាប់រៀបចំគោលនយោបាយជាតិសំខាន់ៗ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព និងលុបបំបាត់បញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍវិស័យ ឧ.វ.ប.ន. នៅចំពោះមុខ ក៏ដូចជាផែនការយូរអង្វែង ឱ្យកាន់តែល្អប្រពៃ មានគុណភាពល្អ  និងការទទួលស្គាល់ជាសកល។

លោកបន្ថែមថា «តាមរយៈលទ្ធផលនៃអង្គវេទិកាផ្សព្វផ្សាយក្នុងថ្ងៃនេះ ពិតជាបានចូលរួមចំណែកគាំទ្រហើយបញ្ជាក់ច្បាស់ពីការពង្រឹងពង្រីកថែមទៀតនូវសាមគ្គីភាព ឯកភាពជាតិ និងចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យ ឧ.វ.ប.ន. ជាពិសេសសំដៅបំពេញតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីដំណើរឆ្ពោះទៅវិបុលភាព បរិយាបន្ន និងនិរន្តរភាព ហើយមានប្រៀបក្នុងការប្រកួតប្រជែងស្មើមុខស្មើមាត់ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»។

កំណើនការតភ្ជាប់ផ្នែកឌីជីថល និងលទ្ធភាពចាប់យកបច្ចេកវិទ្យា ព្រមទាំងបញ្ញាសិប្បនិម្មិត គឺជាមូលដ្ឋានគ្រឹះនៃបដិវត្តកម្មសេដ្ឋកិច្ច ដែលសមស្របនឹងកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជាក្នុងបច្ចុប្បន្ន។ បច្ចេកវិទ្យានិងនវានុវត្តន៍ នឹងបង្កើតការងារហើយផ្សារភ្ជាប់និងឧស្សាហកម្មថ្មីៗ នាំដល់កំណើនប្រសិទ្ធភាពនិងផលិតភាព ដែលនឹងទទួលផលចំណេញបានច្រើនជាងមុន។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានអំពាវនាវឱ្យមានការពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន និងបង្កើនការវិនិយោគលើការលើកកម្ពស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកលើកទឹកចិត្តឱ្យផ្តល់អាទិភាពដល់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ ជំរុញការបង្កើតថ្មី លើកកម្ពស់ការប្រកួតប្រជែង នៃឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ការផ្តល់អាទិភាពលើការសិក្សា ស្រាវជ្រាវនេះ មិនត្រឹមតែជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតផលទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញឱ្យមានកិច្ចសហការរវាងអ្នកសិក្សាស្រាវជ្រាវ និងឧស្សាហកម្ម បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត និងការដោះស្រាយបញ្ហា។ លើសពីនេះ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍ នឹងជួយទាក់ទាញការវិនិយោគ ពីបរទេស និងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ និងពិភពលោក៕

https://image.freshnewsasia.com/2021/id-022/fn-2025-03-25-20-09-09-15.JPG