(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.យ.ប. លើកទី៤ ដើម្បី

ពិនិត្យនិងពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះ ដែលមិនទាន់បានកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្មរបស់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ (ក្របខ័ណ្ឌ M&E-PS1)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., លោក
ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., លោក លោកស្រី ជាសមាជិក គ.យ.ប. និងលោក លោកស្រីជាថ្នាក់ដឹកនាំ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងអគ្គលេខាធិការដ្ឋាន គ.យ.ប. ផងដែរ។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចជូនអង្គប្រជុំថា បន្ទាប់ពីក្របខ័ណ្ឌ M&E-PS1 ត្រូវបានសម្រេចដាក់ឱ្យអនុវត្តផ្លូវការនៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ, ក្នុងចំណោមសូចនាករសមិទ្ធកម្មគន្លឹះ (KPI) សរុបទាំង ៣៩, គ.យ.ប. ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះដែលនៅសេសសល់មួយចំនួន ដែលពុំទាន់មានបន្ទាត់មូលដ្ឋាន និងចំណុចដៅពេញលេញនៅឡើយ ទាំងសូចនាករដែលប្រើប្រាស់ទិន្នន័យរដ្ឋបាល និង ទិន្នន័យដែលតម្រូវឱ្យមានការអង្កេតថ្មី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាកិច្ចការមួយដ៏សំខាន់ក្នុងដំណើរការគ្រប់គ្រងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស ដើម្បីវាស់វែងសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយ សម្រាប់ជាមូលដ្ឋាន ក្នុងការលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ចំពោះប្រមុខរាជរដ្ឋាភិបាលផង និងប្រជាពលរដ្ឋផង។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា ការកំណត់ចំណុចដៅ គឺមានភាពខុសគ្នាពីការព្យាករទូទៅ ដោយសារការកំណត់ចំណុចដៅ ត្រូវពិនិត្យលើនិន្នាការកន្លងមកនៃទិន្នន័យដោយវាយតម្លៃនូវនិន្នាការ ឬការវិវឌ្ឍទៅមុខ (Business As Usual) ផង និងរួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងបន្ថែមរបស់ក្រសួង ស្ថាប័ន (Additional Effort) ផង តាមរយៈការដាក់ចេញនូវគោលនយោបាយ វិធានការជំរុញ ឬផែនការសកម្មភាពនានា ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត ដែលបានកំណត់ជាចំណុចដៅ។ ពាក់ព័ន្ធនឹងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនេះ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាជាច្រើន ដែលសង្គម សេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបប្រទះ និងត្រូវគិតគូរដោះស្រាយជាយុទ្ធសាស្រ្តនិងជាដំណាក់កាលៗ រួមមាន៖ កំណើនសេដ្ឋកិច្ច សន្តិសុខសង្គម ភាពក្រីក្រ គ្រោះមហន្តរាយ ការអប់រំ ការកៀរគរវិនិយោគ ភស្តុភារកម្ម បរិយាកាសធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម និងកសិកម្ម ជាពិសេសបញ្ហាទិន្នន័យនិងស្ថិតិ ជាដើម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការតាមដានវឌ្ឍនភាព និងសមិទ្ធកម្មរបស់ក្រសួង ស្ថាប័នលើការអនុវត្តគោលនយោបាយ កម្មវិធីអាទិភាព និងវិធានការគន្លឹះនានា ដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច របស់កម្ពុជា។

ទន្ទឹមនេះឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ទាំងក្នុងដំណាក់កាលនៃការរៀបចំបន្ទាត់មូលដ្ឋាននិងចំណុចដៅ រហូតដល់ដំណាក់កាលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ជាពិសេសការប្រមូល និងការប្រើប្រាស់ទិន្នន័យប្រកបដោយគុណភាព និងប្រើប្រាស់វិធីសាស្រ្តបែបលក្ខណៈវិទ្យាសាស្រ្ត ដើម្បីបន្តធានា និងបង្កើនភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងធុរកិច្ចមកលើរាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់សមាជិក គ.យ.ប. ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្ដល់ធាតុចូល ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ ក្នុងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម នៃក្របខ័ណ្ឌ M&E-PS1 ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ដែលបានបន្តសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកិច្ចការនេះឱ្យមានគុណភាព។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន គ.យ.ប. បន្តសម្អាតតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម និងរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌ M&E-PS1 ដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ ពិភាក្សា និងតម្រង់ទិស នាពេលខាងមុខ ក្នុងន័យធានាគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងការបន្តកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕