(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនោះ លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចមហាបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតីផងដែរថា ក្នុងដំណេីរទស្សនកិច្ចនាពេលនេះ ក៏ដេីម្បីជូនពរដល់អង្គភាពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃមួយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេលកន្លងមក។
សម្តេចមហាបវរធិបតី ក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា៕