(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងលោក Anu នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុន ASELSAN ប្រទេសតួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងការស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូត និងគណៈប្រតិភូក្រុមហ៊ុន ASELSAN និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-តួកគី ចាប់តាំងពីរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ឱ្យដំណើរការស្ថានអគ្គរាជទូតរៀងៗខ្លួន ព្រមទាំងកិច្ចខិតខំរបស់ថ្នាក់ដឹកនាំក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំស៊ីជម្រៅ ពិសេសការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ទាក់ទងវិស័យការពារជាតិ, មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កន្លងមកទោះបីទំហំនៃកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរស្ថិតក្នុងកម្រិតតិចតួចក្តី ប៉ុន្តែប្រទេសទាំងពីរបានស្វះស្វែងរកការបង្កើនទំនាក់ទំនងល្អជាមួយគ្នា បង្កើតឱ្យមានភាពជិតស្និទ្ធ និងល្អប្រសើរជាមួយគ្នា។

ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក, នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់លើសមត្ថភាពការពារជាតិរបស់ប្រទេសតួកគី និយាយដោយឡែក ក្រុមហ៊ុន ASELSAN និងបានស្វាគមន៍ទៅលើបំណងនៃការភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរបស់ក្រុមហ៊ុនជាមួយកម្ពុជា ព្រោះនេះជាកិច្ចការដែលស្របនឹងចក្ខុវិស័យរបស់កងយោធពលខេមរភូមិន្ទក្នុងការពង្រឹងសមត្ថភាពការពារជាតិ។

លោក Anu បានថ្លែងអំណរគុណចំពោះការស្វាគមន៍របស់មេបញ្ជាការកងទ័ពជើងគោក និងបានធ្វើការបញ្ជាក់ជូនពីក្រុមហ៊ុន ASELSAN ដែលជាសាជីវកម្មការពារជាតិដ៏ធំនៃប្រទេសតួកគី មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាង ៥០ នៅទូទាំងពិភពលោក និងមានបុគ្គលិកជាច្រើនពាន់នាក់សុទ្ធសឹងជាវិស្វករ មានជំនាញសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យការពារជាតិ។

លោក Anu បានបន្តថា ក្រុមហ៊ុន ASELSAN ជាសមាជិកនៃអង្គការណាតូ ហើយកន្លងមកក្រុមហ៊ុនបាននាំចេញនូវផលិតផលទៅកាន់បណ្ដាប្រទេសចំនួន ៩០ នៃពិភពលោក ដែលផលិតផលទាំងនោះធានាដោយច្បាប់ និងស្របតាមស្តង់ដានៃអង្គការណាតូ៕