(បាត់ដំបង)៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង មានដូចខាងក្រោម៖
ទី១៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីភ្នំពេញ-បាត់ដំបង ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ទី២៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបាត់ដំបង សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដ
ដែល ដោយពុំតម្លើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាល ខេត្តបាត់ដំបង ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕