(កំពង់ចាម)៖ បន្ថែមពីការឧបត្ថម្ភ និងជួយជំរុញដល់យុវជន ឡាយ សំណាង ដែលមានពិការភាព ឱ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រនោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសាងសង់ផ្ទះ ថ្ម ១ខ្នង ទំហំ ៤ម៉ែត្រ x ១៦.៥ម៉ែត្រ x កម្ពស់ ៤.២ម៉ែត្រ ចំណាយថវិកាអស់ ២៣.៣០០ដុល្លារអាម៉េរិក ជូនយុវជន ឡាយ សំណាង និងក្រុមគ្រួសារ ដែលរស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពិធីប្រគល់-ទទួលផ្ទះខាងលេីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយខាងផ្នែកជីវភាពរស់នៅជាបន្តបន្ទាប់ដល់ក្មួយ ឡាយ សំណាង និងក្រុមគ្រួសារ និងសូមឱ្យក្មួយត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏បានជំរុញលើកទឹកចិត្តកូនឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់សិក្សានុសិស្ស និងក្មួយៗដែលមានការលំបាកខាងផ្នែកជីវភាពយ៉ាងណាក៏ដោយ គឺសុំលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ជួយជំរុញកូនៗឱ្យបានទៅសាលារៀនដើម្បីមានអនាគតល្អ ហើយក្នុងនាមយុវជនខ្លួនឯងត្រូវខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះវិជ្ជា ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើការងារបាន និងចៀសផុតពីភាពក្រីក្រ។
លោកស្រីអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
ជាកិច្ចឆ្លើយតប យុវជន ឡាយ សំណាង និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ យុវជន ឡាយ សំណាង បានប្តេជ្ញាចិត្តថាខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
«ទោះបីជាមានពិការភាពផ្នែកកាយសម្បទាមែនពិត ដែលធ្លាប់បានឆ្លងកាត់ការវះកាត់ជើងជាដំណាក់កាលៗរហូតដល់ទៅ១៨លើករួចមកហើយក្តី ប៉ុន្តែទឹកចិត្តនិងការគិតគូរពីអនាគតរបស់យុវជន ឡាយ សំណាង គឺមិនពិការឡើយ ព្រោះរូបគេយល់ច្បាស់ថា មានតែការព្យាយាមសិក្សារៀនសូត្រតែមួយមុខគត់ដែលអាចធ្វើឱ្យអនាគតភ្លឺស្វាងនាពេលអនាគតបាន ជាពិសេសមានក្តីស្រមៃចង់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទៀតផង»។
យុវជន ឡាយ សំណាង អាយុ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនត្រឹមតែមានពិការភាពជើងមួយចំហៀងនោះទេ ដោយតម្រូវឱ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផង តែទោះបីជាបែបនេះក្ដី ក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ទាំងដែលខ្លួនពិការពិបាកក្នុងការធ្វើដំណើរហើយ គ្រួសារក៏មានជីវភាពខ្វះខាតទៀតផង ខិតខំជម្នះបញ្ហាគ្រប់បែបយ៉ាងបន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។
សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៊ីវ ២យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២ឃីត, ទឹកក្រូច ៤កេស, ទឹកបរិសុទ្ធ ៤កេស, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល៕