(ហុងកុង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយគណៈប្រតិភូក្រសួងសុខាភិបាល នាដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារ និងគ្រប់គ្រងជំងឺ និងគ្រឿងញៀន នៃទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង កិច្ចការជាយុទ្ធសាស្ត្រលើការថែទាំសុខភាពបឋម រួមទាំងការស្រាវជ្រាវ ពាកពន្ធ័ទៅនឹងការបង្ការ pandemic នាពេលអនាគតផងដែរ។
ជំនួបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ នៅថ្ងៃដដែលនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍នាអាហារថ្ងៃត្រង់ ដោយគណៈប្រតិភូសុខាភិបាលក្រុងហុងកុង ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ LO Chung-mau,, Secretary for Health លេខាធិការសុខាភិបាល និងបានទទួលការអញ្ជើញជួបប្រជុំពិភាក្សាការងារដោយ Dr. Tony KO, Chief Executive, Hospital Authority (HA) និងក្រុមការងារនៃក្រុងហុងកុង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើភាពជាអ្នកដឹកនាំ ក្នុងផ្នែកសុខាភិបាលសាធារណៈ ពិសេសសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ ៖
១៖ ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ
២៖ ការចែករំលែកចំណេះដឹង និងបច្ចេកវិជ្ជាទំនើបក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឆ្លើយតបបន្ទាន់។
ក្រោយពីជំនួបពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលមកធ្វើទស្សនៈកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospita។
សូមជម្រាបថា នាយប់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី គ្រោងនឹងជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យ និងសាកលវិទ្យាល័យ និងថ្នាក់ដឹកនាំផ្សេងទៀត នៃតំបន់រដ្ឋបាល ពិសេសហុងកុងផងដែរ។
គោលបំណង នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីសិក្សាអំពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់បន្ថែមក្នុងការជំរុញការអនុវត្តអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រយៈពេល៣ថ្ងៃពេញនេះ គណៈប្រតិភូក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសុខាភិបាល ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ជាពិសេសគឺពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាមិត្តដែកថែប ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបាននិងកំពុងចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព សន្តិសុខសុខភាពប្រទេស តំបន់ និងពិភពលោក៕