(ភ្នំពេញ)៖ លោក ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល មិនត្រឹមតែចូលរួមជួយលើកស្ទួយជីវភាពប្រជាជនទេ តែជាចលករជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានស្នាដៃគួរឱ្យកត់សម្គាល់ និងមានកិត្យានុភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី, លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច) បានអាននូវរបាយការណ៍សង្ខេបនៃដំណើរការ និងសមិទ្ធិផលរបស់អង្គសន្និបាត ហើយវឌ្ឍនភាពចំបងៗ នៃបេសកកម្មរបស់កម្មវិធីជាតិរួមមាន៖ សមិទ្ធផលទទួលបាននូវវិញ្ញាបនបត្រ ពីអង្គការសុខភាពពិភពលោកនាឆ្នាំ២០១៧ អំពីជំងឺព្រូនជើងដំរី លែងជាបញ្ហាសុខភាពសារធារណៈនៅប្រទេសកម្ពុជា, សមិទ្ធផលសម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០១៥ បញ្ឈប់ភាពស៊ាំថ្នាំអាតេម៉ីស៊ីនីនជាមួយមេរោគគ្រុនចាញ់, សម្រេចជោគជ័យលើគោលដៅគន្លឹះឆ្នាំ២០២០ ដោយគ្មានមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨, គ្មានគ្រុនចាញ់ហ្វាល់ស៊ីប៉ារ៉ូមឆ្លងក្នុងប្រទេសឆ្នាំ២០២៤។

បន្ថែមពីនេះ លោក បានគូសបញ្ជាក់ថា ជម្ងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៤ មាន ៣៥៥ករណី និងឆ្នាំ២០២៥នេះ សល់ ៦ករណីឆ្លងក្នុងប្រទេស និង ២ករណីនាំចូល។ ជំងឺគ្រុនឈាមឆ្នាំ២០២៤ កាត់បន្ថយជាង ៤ដង បើប្រៀបធៀបនឹងឆ្នាំ២០២៣ និងបានទប់ស្កាត់បង្ការមិនឱ្យមនុស្សកើតគ្រុនឈាមបានជាង ៧០% (៥ម៉ឹនករណី) ឆ្នាំ២០២៥ គ្រុនឈាមកំពុងនៅស្ថានភាពទាបជាធម្មតា និងស្លាប់តែមួយនាក់។

ថ្លែងទៅកាន់អង្គពិធី លោក ម៉ៅ តាន់អ៊ាង បានចូលរួមអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិក សមាជិកា នៃអង្គសន្និបាតក្នុងរយៈពេល២ថ្ងៃនេះ ហើយដែលបានចែករំលែកនូវបទពិសោធន៍ ផ្តល់ធាតុចូលសម្រាប់ជាដំណោះស្រាយបញ្ហា និងកំណត់ទិសដៅអន្តរាគមន៍អាទិភាពឆ្នាំ២០២៥ និងឆ្នាំបន្តទៀត ដើម្បីធានាទទួលបាននូវប្រសិទ្ធភាព នៃការឈានឆ្ពោះទៅសម្រេចគោលដៅដែលបានកំណត់។

ជាមួយគ្នានេះ លោក បានមានប្រសាសន៍ថា៖ «ខ្ញុំសូមចូលរួមអបអរសាទរនូវសមទ្ធិផលវឌ្ឍនភាព​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ពិសេសការសម្រេចបានជោគជ័យទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤ តាមរយៈការសហការ និងចូលរួមទទួលខុសត្រូវប្រតិបត្តិការ អនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គភាព មន្ទីរថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងដៃគូអនុវត្ត ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ»។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលរូបនេះ បានបន្តថាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ក្រោមការដឹកនាំដ៏វាងវៃស្វាហាប់ និងប្រកបដោយប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែចូលរួមជួយលើកស្ទួយជីវភាពប្រជាជនទេ តែជាចលករជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានស្នាដៃគួរឱ្យកត់សម្គាល់ និងមានកិត្យានុភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងនាមតំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ម៉ៅ តាន់អ៊ាង បានផ្ដល់អនុសាសន៍មួយចំនួនថែមទៀត ជូនដល់អង្គសន្និបាតសម្រាប់យកទៅធ្វើជាគតិ ដើម្បីពិនិត្យពិចារណាលើការវិនិយោគ គ្រប់គ្រង កែច្នៃ និងអនុវត្ត សម្រាប់កម្មវិធីជាតិទាំងបី នាឆ្នាំ២០២៥នេះ ដូចខាងក្រោម៖

*ទី១៖ សូមបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនករណីឈឺ និងបង្ការកុំឱ្យស្លាប់ ពិសេសត្រូវ លុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឱ្យបានជាស្ថាពរនាចុងឆ្នាំនេះ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ

*ទី២៖ សូមធ្វើការពិនិត្យវិភាគពិចារណារឡើងវិញលើ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលបច្ចេកវិទ្យាទំនើប ការលើកកម្ពស់ការចូលរួមអនុវត្តរបស់សហគមន៍ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីកត្តាសង្គម បរិស្ថាន និងជីវសាស្រ្ត ដែលជាកត្តាឬសគល់មូលហេតុបង្កជំងឺគ្រុនចាញ់ គ្រុនឈាម ដង្កូវព្រូន និងជំងឺផ្សេងៗទៀត

*ទី៣៖ ពង្រឹង និងពង្រីកប្រសិទ្ធភាពការងារលើកកម្ពស់សុខភាពប្រកបដោយនវានុវត្តន៍ ផ្លាស់ប្តូរអាកប្បកិរិយាប្រជាពលរដ្ឋមកប្រកាន់យកការអនុវត្តអនាម័យផ្ទាល់ខ្លួន អនាម័យបរិស្ថាន អនាម័យការរស់នៅដែលអាចបង្ការជំងឺ និងកាត់ផ្តាច់ការចម្លងជំងឺបាន

*ទី៤៖ រៀបចំ និងគៀងគរធនធានសម្រាប់ ផែនការនិងការងារក្រោយការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលរាប់ទាំងការរាយការណ៍ផ្នែកលើផែនការយុទ្ធសាស្រ្ត (២០១១-២០២៥) លទ្ធភាពនៃការវៀបចំឯកសារកម្មនៃជោគជ័យ (documentation of success) ក៏ដូចជាកិច្ចការសំខាន់ៗឆ្ពោះទៅកាន់ការទទួលវិញ្ញាប័នបត្រ័បញ្ជាក់ការលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមគោលការណ៍អន្តរជាតិ

*ទី៥៖ បន្តពង្រឹងការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ធ្វើយ៉ាងណាបង្ការកុំឱ្យមានការកើតឡើងការរាតត្បាតទ្រង់ទ្រាយធំ៕