(ហ្សាការ-ឥណ្ឌូនេស៉ី)៖ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្រសួងការបរទេសឥណ្ឌូណេស៊ី, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដែលមានសារៈសំខាន់ចំពោះអាស៊ាន ជាពិសេស ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ នៅខែឧសភា ខាងមុខ រួមទាំង ការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅអាស៊ាន។
អគ្គលេខាធិការអាស៊ាន ក៏បានឆ្លៀតឱកាសជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពធំៗមួយចំនួន ដែលគ្រោងរៀបចំនៅលេខាធិការដ្ឋានអាស៊ាននៅឆ្នាំនេះ រួមទាំង នៅថ្ងៃទិវាអាស៊ានផងដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ឡើងវិញជូនឯកឧត្តមរដ្ឋមន្ត្រី នូវការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសសមាជិកអាស៊ានផ្សេងទៀត ដូចដែលពួកគេចាប់ផ្តើមទំព័រថ្មី នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥។
នៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាតម្លើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ជំហររបស់អាស៊ានស្តីពីគោលនយោបាយពាណិជ្ជគម្ម និងកិច្ចខិតខំប្រឹងប្រែងរវាងអាស៊ាន និងចិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការងារមួយចំនួនទៀត។
លោក Dashnyam Enkhtaivan ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះអគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកអគ្គរដ្ឋទូត ដែលបានចាប់ផ្តើមការងារជាផ្លូវការ។
អគ្គលេខាធិការអាស៊ាន ទទួលស្គាល់ពីការចូលរួមរបស់ម៉ុងហ្គោលី ជាមួយអាស៊ាន រួមទាំង ការចូលរួមនៅក្នុងវេទិកាតំបន់អាស៊ាន និងសកម្មភាពផ្សេងទៀត ព្រមទាំងបានស្វាគមន៍ការចាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។
លោកបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ម៉ុងហ្គោលី នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន នៅមជ្ឈភាពអាស៊ាន។ គាត់បានលើកទឹកចិត្តឱ្យម៉ុងហ្គោលី បង្កើតកិច្ចសហប្រតិបត្តិការជាដុំកំភួន និងចូលរួមជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។
លោក Dashnyam Enkhtaivan បានថ្លែងអំណរគុណអគ្គលេខាធិការអាស៊ាន សម្រាប់ការស្វាគមន៍យ៉ាងរាក់ទាក់ ហើយពិតជាកិត្តិយសសម្រាប់គាត់ ដែលបានចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំអាស៊ាន។ គាត់ទន្ទឹងធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ក្នុងការជំរុញទំនាក់ទំនងរវាងអាស៊ាន និងម៉ុងហ្គោលី នៅក្នុងអាណត្តិរបស់គាត់។
លោកក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ម៉ុងហ្គោលី ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនានារបស់អាស៊ាន ហើយបានបញ្ជាក់ជាថ្មី អំពីបំណងប្រាថ្នារបស់ម៉ុងហ្គោលី ក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសគាត់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន លើវិស័យផ្សងៗ។ លោក Dashnyam Enkhtaivan ត្រូវបានជំនួសឯកអគ្គរដ្ឋទូតចាស់ ដែលបានបញ្ចប់អាណត្តិ កាលពីខែមិថុនា ឆ្នាំ២០១៧។
នៅរសៀលថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ លោក Mohamed Trabelsi ឯកអគ្គរដ្ឋទូតទុយនីស៊ីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរឯកអគ្គរដ្ឋទូត ដែលបានចាប់ផ្តើមការងារជាផ្លូវការ ហើយទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតទុយនីស៊ីប្រចាំទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងទុយនីស៊ី។
អគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យទុយនីស៊ី ស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ជាមួយអាស៊ាន ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ ថាមពល កសិកម្ម រុក្ខាប្រមាញ់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោក Mohamed Trabelsi បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់ទុយនីស៊ី ក្នុងការជំរុញទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយអាស៊ាន។ គាត់បានបង្ហាញពីការត្រៀមខ្លួន ធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង និងរិះរកវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន។ សូមជម្រាបជូនថា ប្រទេសទុយនីស៊ី បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ាន ចាប់តាំងពីឆ្នាំ២០១៥ ហើយលោក Mohamed Trabelsi គឺជាឯកអគ្គរដ្ឋទូតទី ៣ ជំនួសឯកអគ្គរដ្ឋទូតចាស់ ដែលបានបញ្ចប់អាណត្តិ កាលពីខែកក្កដា ឆ្នាំ២០២៣៕