(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅទីបញ្ជាការយោ ធភូមិភាគទី៥ ខេត្តបាត់ដំបង។
ក្នុងពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តួចផ្តើមគំនិតចង្អុលបង្ហាញឱ្យបង្កើត កម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធ រវាងកងកម្លាំង ជួរមុខការពារទឹកដីនៃមាតុភូមិ និងស្ថាប័នស៊ីវិលជាជួរក្រោយក្នុងស្មារតី សាមគ្គីជាតិជាធ្លុងមួយ។
លោករដ្ឋមន្ត្រី ក៏បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែ យកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយ ជាថវិកាសុទ្ធចំនួន៤០លានរៀល និងមានជាអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត សរុបជាទឹកប្រាក់ចំនួន៦ ៨ លាន៨សែន៣ម៉ឺនរៀល ជូនដល់បងប្អូនកងទ័ព ដើម្បីជាការអរគុណ ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងលើកទឹកចិត្ត ដល់កងទ័ពដែលនៅជួរមុខ ឱ្យកាន់តែមាន តម្លាំងចិត្ត ស្មារតីស្នេហាហ៍ជាតិ ស្វាហាប់រឹងមាំបន្ថែមទៀត ក្នុងការការពារអធិបតេយ្យភាពជាតិកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ជំនួសមុខឲ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគ ទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូសុខទុក្ខ និងឧបត្ថម្ភគាំទ្រជានិច្ច។ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានចុះមកផ្ទាល់នៅក្នុងថ្ងៃនេះ ហើយកងទ័ពទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ចការពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរកបានដោយកម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕