(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងគិតគូរឱ្យមានការតម្រង់ទិសសម្រាប់សិស្សរៀនថ្នាក់ទី៩ តើត្រូវរៀនបន្ត ឬរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស គឺកូនសិស្សនឹងទទួលសញ្ញាបត្រដែលមានតម្លៃស្នើនឹងសញ្ញាបត្រមធ្យមសិក្សាទុតយភូមិ (បាក់ឌុប) ដែលអាចអនុញ្ញាតឱ្យពួកគាត់ចាប់យកជំនាញផ្សេងៗដែលសចាប់អារម្មណ៍សម្រាប់ការសិក្សាបន្តនៅកម្រិតថ្នាក់មហាវិទ្យាល័យ (ឧត្តមសិក្សា) បាននាពេលអនាគត។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារសំខាន់នៃធនធានមនុស្សក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ជាតិ ដោយឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្មទាំងនេះ។
ការឱ្យដឹងបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំឱ្យគិតគូរឡើងវិញ ថាគួរតែផ្តល់ការណែនាំពីដើម ដើម្បីឱ្យគាត់សម្រេចចិត្ត អ៊ឹចឹង គឺយើងបានដាក់ទិសដៅទៅថ្ងៃមុខ គឺយើងចង់ឱ្យគាត់សម្តេចចិត្តក្រោយបញ្ចប់ថ្នាក់ទី៩ គាត់ទៅណា? អ៊ឹចឹងថ្នាក់ទី៧ ទី៨ យើងចាប់ផ្តើមពន្យល់គាត់ ណែនាំឱ្យឪពុក ម្តាយ បានយល់ ពីព្រោះជួនកាលនៅមានការយល់ច្រឡំ ថារៀនបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅធ្វើកម្មករ គឺអត់ទេ»។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនាញវិជ្ជាជីវៈបច្ចេកទេសនេះ មិនមែនតែធ្វើកម្មករនោះទេ ប៉ុន្តែ គឺមានជំនាញផ្នែកអគ្គិសនី បច្ចេកវិទ្យាមួយចំនួនដែលអាចធ្វើទៅបាន ឬធ្វើជាអ្នកគ្រប់គ្រងក៏បាន។ ដូច្នេះ ការពន្យល់បន្ថែមដល់កូនសិស្សកម្រិតធម្យមសិក្សា និងឪពុក ម្តាយ ឱ្យយល់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យពួកគាត់បានយល់ឱ្យកាន់តែច្បាស់ក្នុងការសម្រេចចិត្តរបស់ពពួកគាត់ ហើយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរាជរដ្ឋាភិបាល មិនបានការបង្ខិតបង្ខំចំពោះការសម្រេចរបស់កូនសិស្សនោះទេ។
«យើងអត់បង្ខំ ប៉ុន្តែ យើងពន្យល់ឱ្យបានច្រើន អ៊ឹចឹងសិស្សថ្នាក់ទី៩ ជៀសជាងគាត់សម្រេចចិត្តមិនច្បាស់ ឬមួយក៏គាត់បោះបង់ចោល ឬមួយគាត់ចេញទៅធ្វើការកន្លែងណាមិនមានជំនាញគ្រប់គ្រាន់ គឺយើងរៀបចំបែបនេះ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គន្លឹះដែលថាការបណ្តុះបណ្តាលវិជ្ជាជីវៈ មិនសូវទទួលបានការទាក់ទាញ គឺបណ្តាលមកពីការរៀបចំងាប់ក្រឡា បានន័យថា ការរៀបចំផ្លូវទាល់ ដោយសារតែកូនសិស្សបញ្ចប់ថ្នាក់ទី៩ ចូលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពួកគាត់មិនអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបាន ពីព្រោះសញ្ញាបត្រត្រឹមកម្រិតបឋមភូមិ ដូច្នេះ សម្រាប់ការរៀបចំថ្មីនេះ គឺត្រូវរៀបចំគន្លងដើម្បីឱ្យកូនសិស្សដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចមានលទ្ធភាពឈានជើងចូលសិក្សាថ្នាក់មហាវិទ្យាល័យបាន។
ជាមួយនឹងកម្រិតសញ្ញាបត្រអាចឱ្យកូនសិស្សបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ ដែលទទួលងាកមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអាចចូលសិក្សាថ្នាក់មហាវិទ្យាល័យបាន ដូចកូនសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ (ថ្នាក់ទី១២), ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជាយោបល់ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវតែបំប៉ន ដាក់កម្មវិធីសិក្សាជំនាញមូលដ្ឋាន និងចំណេះដឹងទូទៅ ដើម្បីឱ្យកូនសិស្សដែលចូលសិក្សាជំនាញវិជ្ជាជីវៈទាំងអស់ អាចទទួលបានសញ្ញាបត្រដូច សញ្ញាបត្របាក់ឌុប។ ត្រង់ចំណុចនេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់កូនសិស្សដែលទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ អាចសិក្សាបានដូចកូនសិស្សបញ្ចប់ការសិក្សាកម្រិតថ្នាក់បាក់ឌុប បាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្រេចធ្វើបែបនេះ ដើម្បីឱ្យសិស្សមានជម្រើសច្រើនក្នុងការសិក្សា ដូច្នេះ នេះគឺជាការផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយកាន់តែទទួលបានចំណេះជំនាញផ្សេងៗបន្ថែមទៀត ជាពិសេសផ្តល់ភាពងាយស្រួលក្នុងរតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ននេះ។
សម្ដេចបរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីគោលការណ៍ទទួលខុសត្រូវធំ៣ របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគឺ ធានាពីសុខភាពរបស់ពលរដ្ឋ ធានាពីចំណេះដឹង និងខិតខំស្វែងរកការងារជូនប្រជាពលរដ្ឋដើម្បីចិញ្ចឹមនូវជីវិតបាន។ សម្ដេចបានពន្យល់ថារដ្ឋាភិបាលជាច្រើនអាណត្តិមកហើយបានដាក់គោលនយោបាយអាទិភាពដែលផ្ដោតលើសុខភាពដែលបានរៀបចំជាបន្តបន្ទាប់ធានានូវប្រព័ន្ធសមធម៌សង្គម បង្កើតគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ពង្រឹងនូវគុណភាពអប់រំដល់ប្រជាពលរដ្ឋ ព្រមទាំងបង្កើតពង្រីកវិសាលាភាពការងារដែលល្អ និងមានលក្ខខណ្ឌល្អជូនប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានឹងការធានានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណេត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវតែធានាបន្ថែមទៀតនូវលំនឹងសន្ដិសុខ ស្ថិរភាព សន្ដិភាពសង្គមជូនដល់ប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋត្រូវរស់នៅក្នុងសង្គមបានស្រួល៕