(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោករដ្ឋមន្ត្រី មានគោលដៅពង្រឹងការងារមូលដ្ឋានគ្រប់វិស័យ ដោះស្រាយបញ្ហារាំងស្ទះឱ្យមានភាពល្អប្រសើរ ពិនិត្យការងារកសិកម្ម និងជំរុញការងារអត្រានុកូលដ្ឋាន ផ្តល់សេវាសាធារណៈឱ្យបានល្អដាច់គេទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពង្រឹងភូមិ/ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

ពាក់ព័ន្ធនឹងការងារកសិកម្ម លោក ឌិត ទីណា បានលើកទឹកចិត្តក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករបានទទួលជ្រាបនិងចូលរួមចងក្រង សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច ចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយក្រសួងកសិកម្មនឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕