(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបកស្រាយ និងពន្យល់លម្អិតពីស្ថានគុណភាពខ្យល់នៅក្នុងកម្ពុជា ថាការប្រែប្រួលគុណស្ថានខ្យល់ប៉ុន្មានថ្ងៃនេះ ពុំមានអ្វីគួរឱ្យព្រួយបារម្ភដល់សុខភាពមនុស្សដូចការផ្សព្វផ្សាយលើបណ្តាញសង្គមមួយចំនួននោះទេ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយតាមវេបសាយ បរទេស ដែលបានផ្សាភ្ជាប់ជាមួយនឹងស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅកម្ពុជា គឺមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ដូច្នេះ ក្នុងន័យនេះការប្រែប្រួលគុណភាពខ្យល់ គឺមានកម្ពុជា នៅក្នុងរដូវប្រាំង ដែលធ្វើឱ្យមានការចេះព្រៃ […] តែសម្រាប់ការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា បានធូរស្បើយ ក្នុយរយៈពេល១ខែមកនេះ នៅកម្ពុជា មិនទាន់មានកំហាប់ភាគល្អិតនិចល លើសពីស្តង់ដារជាតិនោះទេ»

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បង្ហាញថាកម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ពោលគឺលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «ល្អ» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។ ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា។

អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឱ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងលើប្រព័ន្ធ APP ឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយ បន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា។ កន្លងមកនេះ គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឱ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ។

លោក ខ្វៃ អាទិត្យ បានឱ្យដឹងថា តាមការត្រួតពិនិត្យជាប្រចាំដោយ ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺលទ្ធផលស្ថិតនៅក្រោមស្តង់ដារ។ ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។

អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

គួរឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤១.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តកែប​ និងខេត្តព្រះសីហនុ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តព្រៃវែង ​ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តតាកែវ, ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប៕