(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។

ឆ្លៀតនាឱកាសនោះ លោកប្រធានសហគមន៍ បានស្នើសុំ លោករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។

ដោយមើលឃើញពីសក្តានុពល, លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យប្រធានសហគមន៍និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕