(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ នៅតំបន់អូតាកេរ្តិ៍ ភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
កម្មវិធីសំណេះសំណាលនាសប្ដាហ៍កន្លងទៅនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍ នៃការចូលរួម និងចងក្រងជាសមាជិកក្រុមផលិតរបស់សហគមន៍កសិកម្ម ដែលអាចនិងជួយដោះស្រាយបញ្ហាប្រឈម របស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្ម ដំណាំស្រូវ ដំណាំបន្លែ និងវារីវប្បកម្ម។ លោកបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាហិរញ្ញវត្ថុ បច្ចេកទេស និងការរកទីផ្សារ ជូនដល់ប្រជាកសិករដែលមានបំណង ចូលរួមជាក្រុមផលិតរបស់សហគមន៍កសិកម្ម កសិករសែនជ័យ។
លោកបណ្ឌិតក៏បានលើកឡើងនូវប្រវត្តិនៃការកកើត «សហគមន៍កសិកម្ម កសិករសែនជ័យ» ដោយចាប់ផ្តើមពីការមើលឃើញនូវទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ក្រុមការងារសមាគមយុវជនក្រុម៨ ដឹកនាំដោយលោក និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅឆ្នាំ២០១៦ បានបង្កើតនូវ «កសិដ្ឋានកសិកម្មគំរូ» នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីដាក់ចុះនូវដំណោះស្រាយចំបងៗ របស់ប្រជាកសិករនៅមូលដ្ឋាន។
កសិដ្ឋានកសិកម្មគំរូ មួយនេះត្រូវបានប្រែក្លាយពីកសិដ្ឋានគំរូ មកជា «សហគមន៍ កសិកម្មគំរូ» ដោយទទួលបាននូវអាជ្ញាប័ណ្ណនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសហគមន៍កសិកម្មមួយនេះ បានកំពុងរួមចំណែកអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកស្ទួយកម្រឹតជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាកសិករ ដោះស្រាយបញ្ហាគ្មានលទ្ធភាពសងបំណុល ការធ្វើចំណាកស្រុក ជាពិសេសរួមចំណែកជំរុញប្រែក្លាយវិស័យកសិកម្ម ឲ្យក្លាយជាសរសរស្តម្ភមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
កសិកម្មជាវិស័យដ៏មានសារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងទាមទារឲ្យមានការចូលរួមសហការរវាង រដ្ឋពលរដ្ឋ និងវិស័យឯកជន។ ក្រុមការងារ សមាគមយុវជនក្រុម៨ បានលះបង់ពុះពារគ្រប់ឧបសគ្គ សម្រេចបានបង្កើតនូវ «សហគមន៍កសិកម្ម កសិករសែនជ័យ» ដើម្បីធ្វើជាមណ្ឌលប្រមូលផ្តុំប្រជាកសិករឲ្យសហការគ្នា ក្នុងការផលិតកសិផល ធានាបាននូវគុណភាព បរិមាណផលិត ការផ្គត់ផ្គង់ និងតម្លៃ។ សហគមន៍កសិកម្ម កសិករសែនជ័យ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រែក្លាយតំបន់អូតាកេរ្តិ៍ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់កសិទេសចរ និងកសិឧស្សាហកម្ម នាថ្ងៃអនាគត។
លោកបណ្ឌិត ម៉ឹង មករា បាននាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ។
ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបានក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នាដៃដ៍ឧត្តុង្គឧត្តមនេះ ត្រូវបានបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំពុងដឹកនាំនាវាកម្ពុជា ប្រកបដោយថាមពល ចក្ខុវិស័យវែងឆ្ងាយ រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព និងចីរភាព។
ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕