(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានស្នើឲ្យសមាជិកសមាគមកែលម្អជីវភាពកសិករគោរពទៅតាមលក្ខន្តិកៈរបស់សមាគមដើម្បីបន្តនិរន្តរភាពយូរអង្វែង។ លោក អ៊ុន បុត្ត បានថ្លែងក្នុងពិធីក្នុងពិធីបើកសន្និបាតសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៤ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសមាជិករបស់សមាគមជិត៣០០នាក់មកពី៧ខេត្ត។
លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ក្នុងការផ្តល់ជាហិរញ្ញប្រទានក្នុងការ ជួយកាត់បន្ថយភាពក្រីក្រ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាតាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិករខ្នាតតូចតំបន់ទន្លេសាបនេះ និងបានថ្លែងអំណរគុណក្រុមការងារអនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់ខេត្ត ក្រុមទីប្រឹក្សា ក្រុមការងារផ្តល់សេវា និងលោក លោកស្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគម្រោងទទួលបានលទ្ធ ផលដ៏ធំធេងកន្លងមកនេះ។
លោកបានស្នើលោក លោកស្រី ទីប្រឹក្សាគម្រោង អ្នកផ្តល់សេវាក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសសមាគម និងជួយដោះស្រាយបញ្ហានានា ដែលកើតមានឡើង ក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាព ។
តាមការបញ្ជាក់ពីលោកស្រី ម៉ន លក្ខិណា ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឲ្យដឹងថា សមាគមកែលម្អជីវភាពកសិករបានរៀបចំធ្វើសន្និបាតបានចំនួន ៦លើក រួចមកហើយ ដោយសន្និបាតប្រចាំឆ្នាំលើកទី១ (ឆ្នាំ២០១៧ (សន្និបាតប្រចាំឆ្នាំលើកទី២ (ឆ្នាំ ២០១៨) សន្និបាតលើកទី៣ (ឆ្នាំ២០១៩) ហើយសន្និបាតលើកទី៤ (ឆ្នាំ២០២០ និង២០២១ឆ្នាំ) ហើយសន្និបាត លើកទី៥ (ឆ្នាំ២០២២) សន្និបាតលើកទី៦ (ឆ្នាំ២០២៤) ហើយថ្ងៃនេះគឺជាសន្និបាតសមាគមលើកទី៧ សម្រាប់សន្និបាតប្រចាំឆ្នាំ២០២៤។
លោកស្រីបន្តថាសមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើតឡើងដោយក្រុមកែលម្អជីវភាពកសិករ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ ក្រោម ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ដែលមានខេត្តគោលដៅ ចំនួន៧ រួមមាន ខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ នឹងខេត្តព្រៃវែង និងមានស្រុកចំនួន ៣៨ស្រុក ២៧០ឃុំ និង មានក្រុមកែលម្អជីវភាពចំនួន ១៩០៦ក្រុម។
លោកស្រីបញ្ជាក់ថាគោលបំណងសំខាន់ៗរបស់សន្និបាតសមាគមឆ្នាំ ២០២៤រួមមាន៖
១.បង្ហាញអំពីសមាគមកែលម្អជីវភាពកសិករ
២.បង្ហាញអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤
៣.បង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុម និងសមាគម ឆ្នាំ២០២៤
៤.បង្ហាញអំពីមូលនិធិគាំពារក្រុមកែលម្អជីវភាពកសិករ
៥.ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៥ នឹងពិភាក្សាលើការកែប្រែចំណុចខ្លះៗនៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង៕