(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការគ្រប់គ្រង និងការផ្លាស់ប្ដូរព័ត៌មាន កញ្ចប់បញ្ញើឆាប់រហ័ស។
ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោក Prayag Chitrakar ប្រធានក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD.។
ពិធីនេះ ក៏មានការចូលរួម ពីសំណាក់តំណាងក្រុមការងារពិសេស របស់នាយករដ្ឋមន្ត្រីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យឯកជន, ក្រុមហ៊ុនប្រតិបត្តិករបញ្ញើឆាប់រហ័ស, សភាពាណិជ្ជកម្មកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករមួយចំនួនផងដែរ។
លោក Prayag Chitrakar បានសំដែងនូវអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលបានផ្តួចផ្តើមគំនិត ក្នុងការរៀបចំឯកសារអនុស្សរណៈ នៃការយោគយល់គ្នានេះឡើង។
លោក Prayag Chitrakar ប្ដេជ្ញាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សនេះ កាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជា Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យឡូជីស្ទិក។
ថ្លែងក្នុងអង្គពិធី លោកបណ្ឌិត គុណ ញឹម បានជម្រាបជូនអំពីសមទ្ធិផលសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក លើការធ្វើទំនើបកម្មស្ថាប័ន និងកិច្ចសម្រួលពាណិជ្ជកម្ម មានជាអាទិ៍៖
* ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window),
* ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ,
* ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត (AEO),
* ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing),
* ការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។
ទន្ទឹមនេះ រដ្ឋមន្ត្រីប្រតិភូ គុណ ញឹម ក៏បានគូសបញ្ជាក់ថា ការចុះ MOU នាឱកាសនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន DHL Express (Cambodia) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ខ្លឹមសារសំខាន់ៗនៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺ៖
* ការពង្រឹងកិច្ចសហការរវាង អគរ និង DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក,
* ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ,
* ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ,
* ការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ អគរ និង DHL ជាដើម។
កិច្ចការទាំងនេះ នឹងធ្វើឱ្យដំណើរការនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយអនុលោមភាព។
គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិច និងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរ ព័ត៌មានកញ្ចប់បញ្ញើ ប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាព នៃការបំពេញបែបបទបញ្ចេញទំនិញពីគយ៕