(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះឡើងវិញរូបភាព​មួយ​សន្លឹក ដែលត្រូវបានចែកចាយកាលពី៤ឆ្នាំមុន។ រូបភាពមួយសន្លឹក​ដេក​លើគ្រែពេទ្យពេលរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ជាកន្លែងព្យាបាលអ្នក​ជំងឺ​កូវីដ១៩ មានការចាប់អារម្មណ៍ជាខ្លាំងកាលពីពេលនោះពីសំណាក់លេង​បណ្តាញសង្គម ហើយត្រូវបានគេចែកចាយសុះសាយ។

ថ្ងៃនេះហ្វេសប៊ុកបានគាស់រំលើងរូបភាពនេះឡើងវិញ ហើយសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ក៏បានយកមកចែកចាយបន្ត ដោយរំលេចសារថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ សម្តេចមហាបវរធិបតី បានរំលឹក​ថា រូបថតនេះ ត្រូវបានពេលដែលសម្តេចកំពុងដឹកនាំ​រៀបចំមន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ (អតីតមន្ទីពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរ​ពេទ្យព្យា​បាល​ជំងឺ​កូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke ដែលប្រើពេលត្រឹមប្រមាណ៣៣ម៉ោងប៉ុណ្ណោះ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា សម្តេចនៅចាំច្បាស់ថា​នៅ​ពេលនោះ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមិន​ច្បាស់លាស់​អំពី​អនា​គត​របស់ប្រទេសជាតិនិងប្រជាជនយើងនៅឡើយ នៅក្នុងដំណាក់​កាលដែលមានការឆ្លង និងស្លាប់មនុស្សជាច្រើននៅតាមបណ្ដា​ប្រទេសនានា​លើសាកលដោយសារជំងឺកូវីដ១៩។

ដោយឡែកនៅកម្ពុជា ពេលនោះ គឺជាដំណាក់កាលដំបូងនៃការឆ្លងរីករាល​ដាលនៅក្នុងសហគមន៍ ដែលមានអ្នកឆ្លងកើនឡើងយ៉ាងលឿន។ ជាក់ស្ដែង​នៅ​រាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែល​មន្ទីរ​ពេទ្យមិនអាចរ៉ាប់រងបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកព្រឹត្តិការណ៍នាពេលនោះ គឺស្ថិតក្នុងភាពមិនច្បាស់លាស់នោះឡើយសម្រាប់ការវិវឌ្ឍន៍នៃជំងឺកូវីដ១៩។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ទោះបីស្ថិតក្នុងស្ថានភាព​មិនច្បាស់​លាស់​អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ នាពេលនោះក៏ដោយ អ្វីដែលច្បាស់​សម្រាប់​សម្តេចនាពេលនោះ គឺបើនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហានឹងមិនរលាយ​បាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ដូច្នេះ «ហេតុ​ដូច្នេះ​យើងមិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយ​ខិតខំចូលរួមដោះស្រាយទៅតាមលទ្ធភាព ដែលយើងអាចធ្វើទៅ​បាន រួមទាំងការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល និងពេទ្យព្យាបាល​កម្រិតធ្ងន់សម្រាប់ព្យាបាលនិងសង្គ្រោះជីវិតប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ»

ក្រោមការដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹង​ត្រូវបានគេចាត់ទុកអគ្គមេបញ្ជាការកំពូលក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវី​ដ១៩, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកាលនោះនៅជា​ឧត្តម​សេនីយ៍ឯក មេបញ្ជាការកងទ័ពជើង និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាប្រតិបត្តិករ និងជាមេបញ្ជាការជួរមុខក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងសត្រូវឥតស្រមោលកូវីដ១៩។

សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល»​ របស់លោក ពៅ សុខ បានគូស​រំលេចថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ទទួលបានជោគជ័យ គឺជាចំណែកមួយនៃការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ក្នុងសៀវភៅ របស់លោក ពៅ សុខ បានរៀបរាប់ពីការចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដើម្បីប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បងដ៏មានឥទ្ធិពលរបស់សម្តេច និងភរិយា បានចូលរួមយ៉ាងសកម្មបំផុត មិនខ្លាចពីគ្រោះថ្នាក់ និងការនឿយហត់។

មិត្តភក្តិ ឬអ្នកដែលដឹងហេតុការណ៍បានបង្ហើបថា លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមលូកដៃចូលកិច្ចការ ប្រយុទ្ធប្រឆាំងកូវីដ១៩ តាំងតែពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អំឡុងពេលកម្ពុជា អនុញ្ញាតឱ្យនាវាទេសចរណ៍​ខ្នាត​ធំរបស់ពិភពលោក ឈ្មោះវេស្ទ័រដាមចូលចតមកម្ល៉េះ។ មូលហេតុ ដែលលោក ម៉ាណែត លូកដៃ មិនមែនលោកចង់ចេញមុខចេញមាត់ ចង់ល្បីឈ្មោះ ឬចង់លូកលាន់កិច្ចផ្ទៃក្នុងរបស់គ្រូពេទ្យ ឬរបស់ក្រសួងសុខាភិបាល ឬក្រសួងពាកព័ន្ធនោះទេ ប៉ុន្តែ ថ្ងៃមួយពេលលោកត្រលប់មកពីធ្វើការវិញ លោកឃើញភរិយារបស់លោក កំពុងអង្គុយផ្ទាល់ឥដ្ឋ ក្បាល និងខ្លួនទ្រោបទៅលើគ្រែដេក ដោយអាការៈល្ហិតល្ហៃ គ្មានកម្លាំងកំហែងក្នុងខ្លួន និងពោរពេញដោយភាពស្មុគស្មាញ។ មិនអស់ចិត្ត លោកបានសួរទៅភរិយាដែលកំពុងអស់សង្ឃឹមថា មានបញ្ហា ឬមានរឿងអ្វីកើតឡើង? ភរិយារបស់ក៏បានរៀបរាប់ពីបញ្ហាមួយចំនួនដែលជាឧបសគ្គដ៏ស្មុគស្មាញ ក្នុងការប្រុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ បន្ទាប់ពីស្តាប់សម្តីភរិយា លោកក៏បានសាកល្បងអង្គុយគិត និងធ្វើផែនការជាមួយភរិយា ហើយចាប់ពីពេលនោះមក ជារៀងរាល់ថ្ងៃរាល់យប់ បន្ទាប់ពីចប់ការងារក្រសួងការពារជាតិ គឺលោកត្រូវមកធ្វើផែនការជាមួយភរិយា រួមជាមួយសហការីរបស់លោកពីរបីនាក់ទៀត។ ពេលខ្លះលោក និងភរិយាត្រូវចំណាយពេលធ្វើរហូតដល់ម៉ោង១២យប់ក៏មាន។ លោកគិតពីរបៀបនៃការទទួលយកភ្ញៀវទេសចរនៅលើនាវាដែលត្រូវមកដើរកម្សាន្តនៅភ្នំពេញ ថាតើគួរទទួលពួកគេដោយរបៀបណា ដើម្បីកុំឱ្យពួកគេយល់ថា កម្ពុជាយកពួកគេមកឃុំទុកក្នុងសណ្ឋាគារ។

ក្រោយពីធ្វើកិច្ចការចប់ លោក ម៉ាណែត បានទាក់ទង និងជួបពិភាក្សាដោយ​សម្ងាត់ជាមួយក្រសួងសុខាភិបាល ជាពិសេសមន្រ្តីជាន់ខ្ពស់របស់ក្រសួង​ដែលទទួលខុសត្រូវខាងជំងឺឆ្លងនេះ ដោយមិនឱ្យសម្តេច ហ៊ុន សែន ដឹង​ឡើយ ហើយក្រោយមក ក្រសួងសុខាភិបាល ក៏សម្រេចអនុវត្តកិច្ចការ​មួយចំនួន តាមផែនការដែលលោកបានរៀបចំ រហូតក្រោយមកទៀត ក្នុងកិច្ចប្រជុំ រវាងក្រសួងសម្តេច ហ៊ុន សែន និងក្រសួងសុខាភិបាលនៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ទើបរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលម្នាក់ រាយការណ៍ជូនសម្តេចថា ផែនការយុទ្ធសាស្រ្ត នៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលក្រសួងប្រើប្រាស់នេះ គឺជាសមិទ្ធផល ដែលលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានធ្វើ។

សេចក្តីរាយការណ៍នេះ បានធ្វើឱ្យសម្តេច ហ៊ុន សែន មានការភ្ញាក់ផ្អើល ហើយ ទំនងជាចាប់ពីពេលនោះហើយ ដែលសម្តេច ហ៊ុន សែន ចាប់អារម្មណ៍ ចំពោះសកម្មភាពការងារ និងភាពឈ្លាសវៃ ភាពជាអ្នកដឹកនាំនិងការទទួលខុសត្រូវរបស់លោក ម៉ាណែត និងបានប្រគល់ភារកិច្ចមួយចំនួន ដែលមិនពាក់ព័ន្ធស៊ីជម្រៅទៅលើផ្នែកបច្ចេកទេសពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។

មួយសប្តាហ៍ក្រោយ គឺនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីព្រឹត្តិការណ៍ដ៏តក់ស្លុត នៃការឆ្លងសហគមន៍២០កុម្ភៈ ឧត្តមសេនីយ៍ឯកនៃកងយោធពលខេមរៈភូមិន្ទ បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានក្រសួងសុខាភិបាល តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តែងតាំងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ តាមគោលដៅ និងតំបន់ចត្តាឡីស័ក។ ការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងតំណែង និងតួនាទីនេះ គឺដើម្បីលោករួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈជំងឺនេះកាន់តែរីករាលដាលខ្លាំងទៅៗគ្មានការថមថយគួរឱ្យព្រួយបារម្ភ។ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៤៧៧ នាក់ និងអ្នកជំងឺចំនួន២៦២នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញអ្នកឆ្លង ២៣៤នាក់ ស្របពេលកន្លងមកកម្ពុជាមានអ្នកឆ្លងត្រឹមតែចំនួនលេខ២ខ្ទង់ គឺក្រោម១០០នាក់។

ការតែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងតួនាទីជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កធ្វើឱ្យអ្នកវិភាគ និងក្រុមអ្នកប្រឆាំងក្រៅប្រទេស ដែលតែងតែរិះគន់រាជរដ្ឋាភិបាល ឬវាយប្រហារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេច ហ៊ុន សែន នោះ នាំគ្នាបំពងសំឡេងរិះគន់ វាយប្រហារ ដោយឥតសំចៃមាត់ឥតខ្មាសអៀនតាមរយៈវិទ្យុឬសារព័ត៌មានបម្រើបរទេសថា ការតែងតាំងលោក ហ៊ុន ម៉ាណែត នេះគឺជាការពង្រីកឥទ្ធិពលរបស់លោកហើយថា សម្តេច ហ៊ុន សែន ហាក់ប្រញាប់ប្រញាល់ តក់ក្រហល់ក្នុងការលើកតម្កើងលោក ហ៊ុន ម៉ាណែត។ ប៉ុន្តែពួកគេ មិនបានក្រឡេកមើលឱ្យជ្រៅ ឬស៊ីជម្រៅពីបញ្ហាគ្រោះថ្នាក់ ដែលលោក ហ៊ុន ម៉ាណែត ត្រូវទទួល ជាពិសេសពួកគេមើលមិនឃើញពីគុណសម្បត្តិ និងសមត្ថភាពរបស់លោក ម៉ាណែតទេ។ ការតែងតាំងលោក ម៉ាណែត ក្នុងតំណែងក្រៅក្របខ័ណ្ឌនេះ ធ្វើឡើងដោយក្រសួងសុខាភិបាល មិនមែនដោយសម្តេច ហ៊ុន សែន ទេ ហើយការទទួលមុខតំណែងនេះ លោក ម៉ាណែត ក៏ប្រឈមបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការឆ្លងដែរ ព្រោះត្រូវធ្វើការជាមួយក្រុមគ្រូពេទ្យដែលស្ថិតនៅជួរមុខកៀកជាប់អ្នកជំងឺ។ មុនតំណែងនេះ មិនមែនជាមុខតំណែងអចិន្រ្តៃយ៍គួរឱ្យត្រេកត្រអាលទេ គ្រាន់តែជាមុខតំណែងអន្តរកាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយប្រសិនបើការតែងតាំងលោក ហ៊ុន ម៉ាណែត ស្របតាមគំនិតរបស់សម្តេច ហ៊ុន សែន ក៏មានន័យថា សម្តេច ហ៊ុន សែន គឺជាអ្នកដែលបានគិតគូរពីសុខុមាលភាពប្រជាជន និងមន្រ្តីរាជការខ្ពស់ ព្រោះពេលមានគ្រោះថ្នាក់ សម្តេច មិនបានរុញកូនអ្នកដទៃ ឬមន្រ្តីរាជការដទៃឱ្យទៅទទួលរងគ្រោះថ្នាក់នោះទេ ប៉ុន្តែ យកកូនបង្កើតរបស់ខ្លួនឱ្យទទួលជំនួស។ មិនឱ្យកូនបង្កើតរបស់ខ្លួនរស់នៅសំងំសុខ ទទួលទានអាហារឆ្ងាញ់ ទទួលទានដំណេកឆ្អែត ក្នុងម៉ាស៊ីនត្រជាកឡើយ។ នេះជាគតិបណ្ឌិត ប្រកបដោយទសពិធរាជធម៌ របស់សម្តេច ក្នុងនាមជាមេដឹកនាំ ដ៏ឈ្លាសវៃ និងពោរពេញដោយការទទួលខុសត្រូវ។ អាចនិយាយម្យ៉ាងទៀតដែរ ប្រសិនបើការតែងតាំងនេះ ជាបំណងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ជាការបង្រៀនកូនចៅឱ្យស្គាល់ពីទុក្ខលំបាករបស់ប្រជាជន ស្គាល់ពីភាពជាអ្នកដឹកនាំ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ មិនមែននៅអង្គុយតែក្នុងការិយាល័យស្តាប់របាយការណ៍។

៣៣ម៉ោង ធ្វើឱ្យសណ្ឋាគារក្លាយជាកន្លែងព្យាបាល និងចត្តាឡីស័កជំហានដំបូង បន្ទាប់ពីទទួលបញ្ជាដាច់ណាត់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ឱ្យរៀបចំអតីតសណ្ឋគារអាំងទែរកង់ទីណង់តាល់ (សណ្ឋាគារ THE GREAT DUKE )ធ្វើជាកន្លែងចត្តាឡីស័ក និងសម្រាកព្យាបាលជំងឺកម្រិតស្រាល នៅថ្ងៃទី៦ ខែមីនា ដដែល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានចំណាយពេល៣៣ ម៉ោងក្នុងការរៀបចំឱ្យបានរួចរាល់។

បញ្ជាដាច់ណាត់របស់សម្តេចតេជោ ក្រោយពីសម្តេចទទួលដំណឹងគួរឱ្យសង្វេគថា មជ្ឈមណ្ឌលចត្តាឡីស័កព្រែកព្នៅខ្វះអនាម័យ និងខ្វះសណ្តាប់ធ្នាប់។ សម្តេចតេជោហ៊ុន សែន បានបញ្ជាឱ្យរៀបចំអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលចត្តាឡីស័កនៅព្រែកព្នៅមកទាំងអស់។ ដូច្នេះភារកិច្ច នៃការទទួលខុសត្រូវក្នុងការរៀបចំមន្ទីរពេទ្យនានា ឬកន្លែងដទៃទៀតធ្វើជាកន្លែងព្យាបាល និងធ្វើចត្តាឡីស័ក ភាគច្រើនគឺដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងដ៏មានឥទ្ធិពល និងប្រជាប្រិយភាពរបស់សម្តេចតេជោ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក។ ដើម្បីទាន់សភាពការណ៍ក្រុមការងារនេះ ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលសម្រាក។ ការងាររៀបចំបានបញ្ចប់រួចរាល់ជាស្ថាពរនៅម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

ដោយសារការឆ្លង ឬអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ប្រយោលកាន់តែមានចំនួនច្រើន សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យរៀបចំសណ្ឋាគារចំនួន២ទៀត និងត្រៀមគ្រូពេទ្យកងទ័ពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

បេសកកម្ម៥១ថ្ងៃ លើសមរភូមិកូវីដ-១៩ រៀបចំ៥មន្ទីរពេទ្យ៤៣០០គ្រែនៅពេល ជំងឺកូវីដ-១៩ រាតត្បាត កាន់តែខ្លាំងឡើងៗ ទាំងនៅលើពិភពលោក និងនៅកម្ពុជា ភ្លាមៗសម្តេច ហ៊ុន សែន បានត្រៀមជាស្រេច នូវកន្លែងសម្រាប់ព្យាបាល និងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលធ្វើតេស្តវិជ្ជមាន និងអ្នកដែលសង្ស័យ ឬប៉ះពាល់ដោយប្រយោល ឬប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩។ ជំហានដំបូងបង្អស់បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានអំពីករណីជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់ បានឆ្លងមេរោគកូវីដ-១៩ នៅខេត្តព្រះសីហនុ សម្តេចបានបញ្ជាទៅគ្រប់អភិបាលរាជធានី ខេត្ត ឱ្យត្រៀមលក្ខណៈ និងរៀបចំសាលារៀន សណ្ឋាគារ និងផ្ទះសំណាក់ សម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងព្យាបាលអ្នកជំងឺ។

តាមរយៈសារជាសំឡេង សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ជាកិច្ចការបន្ទាន់ ដែលរដ្ឋបាលខេត្តនីមួយៗ ត្រូវតែយកចិត្តទុកដាក់។ សាលារៀនដែលបានកំណត់ ត្រូវរៀបចំជាបន្ទប់ និងដាក់គ្រែឱ្យបានស្អាតសមរម្យ សម្រាប់ដាក់អ្នកជំងឺ ដោយត្រូវតែភ្ជាប់ជាមួយប្រព័ន្ធទឹក និងភ្លើងចូលដល់តែម្តង។ រដ្ឋបាលខេត្តនីមួយៗ ត្រូវប្រើប្រាស់កម្លាំងទាំងអស់ ដែលខ្លួនមានដូចជា កម្លាំងប៉ូលិស ទាហាន កម្លាំងប៉េអឹម ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។ សម្តេចតេជោបានរម្លឹកថា នៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារ គឺរដ្ឋនឹងជួលយកមកប្រើ ដោយសារមានមូលដ្ឋានសម្ភារៈគ្រប់គ្រាន់ ដូចជាទឹកភ្លើង និងគ្រែជាដើម។ ប៉ុន្តែ សម្រាប់រាជធានីភ្នំពេញ មិនជាបញ្ហាចោទទេ ព្រោះមានមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត អគារនៅចាក់អង្រែ មន្ទីរពេទ្យយោធា និងសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អាំងទែរកង់ទីណង់តាល់)។ កាលពីជាងមួយសប្តាហ៍មុន រាជរដ្ឋាភិបាលបានសម្រេចយកកប៉ាល់ពេជ្រព្រីនរីសតប្រើប្រាស់ជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់អ្នកជំងឺដាច់ដោយឡែក។

នៅអំឡុងពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៨៦នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្ត និងក្រុងចំនួន១៣ ក្នុងនោះខេត្តព្រះសីហនុ មានអ្នកឆ្លងច្រើនជាងគេគឺ៣៤នាក់ រាជធានីភ្នំពេញ១១នាក់ និងកំពង់ចាមមាន១១នាក់។ ចំនួននេះមិនបានធ្វើឱ្យប៉ះពាល់ដល់ការរៀបចំ និងត្រៀមជាស្រេចរបស់រាជរដ្ឋាភិបាលនោះទេ ទោះបីក្រោយមកចំនួនអ្នកឆ្លងចេះតែមានចំនួនច្រើនក៏ដោយ។ ប៉ុន្តែក្រោយពីព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ការស្វះស្វែងរកកន្លែងសម្រាប់ព្យាបាល និងធ្វើចត្តាឡីស័កកា្លយជារឿងកង្វល់ដ៏ធំបំផុតសម្រាប់សម្តេចប្រមុខរាជរដ្ឋាភិបាល ព្រោះការឆ្លងកាន់តែរីករាលដាលខ្លាំងទៅៗឥតស្រាកស្រាន្ត ឬថមថយ។ ដើម្បីពង្រីកវិសាលភាព និងសម្រួលដល់ការព្យាបាល និងធ្វើចត្តាឡីស័ក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ គឺក្រោយព្រឹត្តិការណ៍ឆ្លងសហគមន៍៤ថ្ងៃ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចយកមជ្ឈមណ្ឌលចត្តាឡីស័កភ្នំពេញ ធ្វើជាកន្លែងព្យាបាល។ ការសម្រេចយកមណ្ឌល ចត្តាឡីស័ករាជធានីភ្នំពេញធ្វើជាកន្លែងព្យាបាល បន្ទាប់ពីមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ផ្ទុកអ្នកជំងឺពេញមិនមានលទ្ធភាព ដាក់អ្នកជំងឺបានទៀត។ នៅមុននេះបន្តិច អំឡុងពេលផ្ទុះព្រឹត្តិការណ៍សហគមន៍ ០៣វិច្ឆិកា និង២៨វិច្ឆិកា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំមន្ទីរពេទ្យកងទ័ព ឬមន្ទីរពេទ្យកេតុមាលា និងមន្ទីរពេទ្យឯកជនជោរៃ ត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីការឆ្លងមានការកើនឡើងខ្លាំង។

តាមរយៈសារជាសំឡេង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេច តេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារបច្ចុប្បន្ននេះអ្នកជំងឺកូវីដ-១៩ថ្មី បានឆ្លងជាបន្តបន្ទាប់ សម្តេចបានចេញបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោករៀបចំនូវមន្ទីរពេទ្យ២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមានប្រមាណជាង២០០បន្ទប់ ឬអាចលើសពីនេះ។ សម្តេចក៏បានពិភាក្សាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការបញ្ចេញក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ដែលកម្លាំងគ្រូពេទ្យរបស់សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រមាណ៣០ក្រុម នៃក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យ ដើម្បីមកជួយខាងផ្នែកស៊ីវិល។ ដូច្នេះសូមស្នើឱ្យសម្តេចពិជ័យសេនាទៀ បាញ់ និងឯកឧត្តម ម៉ម ប៊ុនហេង ពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះឱ្យកងទ័ពរៀបចំ និងគ្រប់គ្រង។ ៣ថ្ងៃបន្ទាប់ ដោយចំនួនអ្នកជំងឺកាន់តែកើនឡើងគួរឱ្យបារម្ភ ប្រមុខរាជរដ្ឋាភិបាលដ៏មានបទពិសោធ បានបន្តជ្រើសយកអគារ២កន្លែងបន្ថែមទៀតសម្រាប់ព្យាបាលអ្នកជំងឺ និងធ្វើចត្តាឡីស័ក។ អគារថ្មីទាំង២កន្លែងនោះ គឺមួយកន្លែងជាមន្ទីរពេទ្យនគរទេព របស់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី សម្រាប់បម្រើលើការព្យាបាលនិងមួយអគារទៀត គឺសណ្ឋាគារ ឡាក់គីស្តា ជាកម្មសិទ្ធិរបស់លោកអភិបាលខេត្តកំពត ជាវ តាយ ត្រូវបានរៀបបម្រុងធ្វើជាកន្លែងធ្វើចត្តាឡីស័ក។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានក្រុមការងាររៀបចំទីតាំងថ្មីបន្ថែមនេះ បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១ថា ក្រុមការងាររបស់លោកបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។

ដោយមានតម្រូវការចាំបាច់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខារាជរដ្ឋាភិបាល បានសម្រេចចរចាទិញមន្ទីរពេទ្យនគរទេព ពីលោកស្រី អ៊ឹង កន្ថាផាវី និងប្តូរឈ្មោះទៅជាមន្ទីរពេទ្យ«ហ្លូងម៉ែ»។ ទាំងការទិញ និងការប្តូរឈ្មោះមន្ទីរពេទ្យនគរទេព ទៅជាមន្ទីរពេទ្យហ្លួងម៉ែ ធ្វើឱ្យមានភាពល្បីល្បាញ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់ទិសទី។

មួយខែក្រោយមក សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិថា ត្រឹមតែរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងខ្លាំង លើសពីសមត្ថភាពមន្ទីរពេទ្យហ្លូងម៉ែ អតីតមន្ទីរពេទ្យនគរទេព និងមន្ទីរពេទ្យអតីតសណ្ឋាគារ Great Duke ព្រមទាំងមន្ទីរពេទ្យនានាផ្សេងទៀត។ ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឱ្យអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់ជាង៤ពាន់នាក់នៅត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការព្រួយបារម្ភថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ ដូច្នេះរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលសម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចសម្រាកព្យាបាលនៅផ្ទះបាន ដោយអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែ មិនអនុញ្ញាតឱ្យដាច់ខាតអ្នកជំងឺធ្ងន់ធ្ងរ និងផ្ទះអ្នកជំងឺមានទំហំតូចចង្អៀតពេក សម្រាកព្យាបាលនៅផ្ទះនោះទេ ហើយដោយសារមន្ទីរពេទ្យហ្លូងម៉ែ មន្ទីរពេទ្យ Great Duke និងមន្ទីរពេទ្យនានា ពោរពេញដោយមនុស្ស រាជរដ្ឋាភិបាលបានរៀបចំវិទ្យាល័យចំនួនពីរ និងទីតាំងមួយកន្លែងទៀតមានសណ្ឋានជា រោងចក្រ ចំនួនជាង៨០០គ្រែ ព្រមទាំងវិទ្យាល័យចំនួន២កន្លែងទៀត សរុបបានជិត២០០០គ្រែបន្ថែមទៀត។ សម្តេច ក៏បានសុំខ្ចីសាលតាំងពិព័រណ៍កោះពេជ្រពីអ្នកឧកញ៉ាពុង ឃាវសែ ធ្វើជាទីកន្លែងទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុន្តែ អ្នកឧកញ៉ាមិនត្រឹមតែឱ្យសាលតាំងពិព័រណ៍ទេ គឺឱ្យទាំងអគាររៀបអាពាហ៍ពិពាហ៍ទាំងអស់នៅកោះពេជ្រ ដើម្បីរៀបចំ។

ភ្លាមៗនោះដែរ សម្តេចក៏បានបញ្ជាឱ្យកូនប្រុសច្បងរបស់សម្តេចគឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងកូនប្រសាស្រី គឺលោកស្រី ពេជ ចន្ទមុន្នី ប្រញាប់ចុះជួយរៀបចំអគារនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺឱ្យទាន់ពេលវេលា។ ក្រោយពី ទទួល បានបេសកកម្មដ៏នឿយហត់ និងតក់ក្រហល់សឹងតែរកខ្យល់ដង្ហើមមិនបាននេះ លោក ហ៊ុន ម៉ាណែត ភរិយា និងក្រុមការងាររបស់លោកចាប់ផ្តើមអនុវត្តន៍ការងារដោយគ្មានត្អូញត្អែរ។ លោក ហ៊ុន ម៉ាណែត បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភរិយារបស់លោផងដែរ លើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ។

រូបភាពលួចថតដោយក្រុមការងារ ដ៏ទាក់ទាញ និងល្បីល្បាញ ដែលបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុក បានបង្ហាញពីភាពនឿយហត់របស់លោក ហ៊ុន ម៉ាណែត និងភរិយា រួមទាំងក្រុមការងារផង។ រូបភាពខ្លះឃើញលោក ម៉ាណែត ឈរពិភាក្សាការងារជាមួយភរិយា រូបភាពខ្លះបង្ហាញពីលោក ហ៊ុន ម៉ាណែត សម្រាន្តលង់លក់លើកៅអីដោយអាការៈនឿយហត់ និងអស់កម្លាំងល្ហិតល្ហៃ ឬល្វើយកម្លាំង។

ការបញ្ជាឱ្យលោក ម៉ាណែតធ្វើកិច្ចការដ៏លំបាកនេះ សម្តេច ហ៊ុន សែន ក៏ទទួលរងនូវការរិះគន់ និងវាយប្រហារពីក្រុមអ្នកប្រឆាំងពីរបីនាក់ក្រៅស្រុកយ៉ាងធ្ងន់ធ្ងរដែរថា សម្តេចធ្វើនេះ គឺដើម្បីបង្ហាញពីឥទ្ធិពលលោក ហ៊ុន ម៉ាណែត សម្រាប់តតំណែងនាយករដ្ឋមន្រ្តី។ ប៉ុន្តែ ពួកអ្នកប្រឆាំងទាំងនោះ ពុំបានវិភាគថា ការធ្វើបែបនេះ គឺដើម្បីចៀសវាងគេជេរប្រមាថថា កន្លែងគ្រោះថ្នាក់រុញអ្នកដទៃឱ្យចូលកន្លែងសុខសប្បាយ ឬមានលាភសក្ការៈដាក់កូនខ្លួនឯងនោះទេ។ ការយកលោក ហ៊ុន ម៉ាណែត មកកាន់កិច្ចការនេះ ទីមួយគឺ ដើម្បីបង្ហាត់បង្រៀនពីរបៀបធ្វើជាមេដឹកនាំ ពីរបៀបនៃការសម្រេចចិត្ត ពីរបៀបគ្រប់គ្រង និងដោះស្រាយសភាពការណ៍ និងសំខាន់ ចៀសវាងពីការវាយតម្លៃដោយអវិជ្ជមានណាមួយថា ពេលមានគ្រោះថ្នាក់ សម្តេចមិនប្រើកូនខ្លួនឯង បែរជាប្រើកូនអ្នកដទៃទៅវិញ។

ជាង២សប្តាហ៍ក្រោយមក លោក ហ៊ុន ម៉ាណេត បានបញ្ជាក់ដោយមោទកភាពថា បេសកកម្មរយៈពេល៥១ថ្ងៃ សរុបទាំងលើកមុនផង លោក និងក្រុមការងាររៀបចំ ទីតាំងជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកម្រិតស្រាល និងជាកន្លែងធ្វើចត្តាឡីស័ក បានចំនួន៥កន្លែង ស្មើនឹង៤៣០០គ្រែ។ ទីតាំងទាំងនោះរួមមាន សណ្ឋាគារ The Great Duke មន្ទីរពេទ្យហ្លួងម៉ែ មណ្ឌលព្យាបាលកូវីដ-១៩កោះពេជ្រទី១ និងទី២ និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ។ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុម ការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងអស់គ្នាទេ ក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីបានដូច្នេះដែរ។ សកម្មភាព និងលទ្ធផលរបស់លោក ហ៊ុន ម៉ាណែត និងក្រុមការងាររួមទាំងភរិយាផង តាមរយៈរូបភាព ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យកេរ្តិ៍ឈ្មោះ កិត្តយស កិត្តិនាមរបស់លោក ភរិយា និងក្រុមការងារល្បីខ្ទរខ្ទារ ពេញបណ្តាញសង្គមហ្វេសប៊ុក និងពិភពខាងក្រៅគួរឱ្យស្ញប់ស្ញែងក្រៃលែង។ ក្រុមអ្នកសារព័ត៌មានក្នុងស្រុកក៏នាំគ្នាចុះផ្សាយពីសកម្មភាព ដ៏មមាញឹកនេះនៅគ្រប់អង្គភាព ឬស្ថាប័នរបស់គេផងដែរ។

ភាពជោគជ័យ ដ៏គួរឱ្យស្ងើចសរសើរ និងស្ញប់ស្ញែងទាំងនេះមិនអាចកើតមានឡើងឡើយ ប្រសិនបើលោក ម៉ាណែត គ្មានទេពកោសល្យ គ្មានសិល្បៈ នៃការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ គតិបណ្ឌិត ហ្មត់ចត់ និងលើកទឹកចិត្តដល់ក្រុមការងារ។

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការ គ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅនិងតំបន់ចត្តាឡីស័កបានសរសេរសារ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណ និងជូនពរដល់បងប្អូនក្រុមគ្រូពេទ្យទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ស្របពេលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយសារអាជ្ញាធរខេត្តឧត្តរមានជ័យរកឃើញថាពលករ ដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ មានចំនួនច្រើននាក់គួរឱ្យព្រួយបារម្ភ និងដោយសារខ្លួនជាអ្នកទទួលខុសត្រូវលើសន្តិសុខ សន្តាប់ធ្នាប់ នៅគោលដៅ ធ្វើចត្តាឡីស័ក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះមើលទីតាំងមួយ ក្នុងខេត្ត ដើម្បីរៀបចំជាមណ្ឌលព្យាបាលកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ពលករមកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២ ២២២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២ ០៦០នាក់ ឆ្លងក្នុងសហគមន៍១៦២នាក់ ស្លាប់ចំនួន៤នាក់ ព្យាបាលជាសះស្បើយចំនួន៤៨៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ ៧២៩នាក់។ ដោយការទទួលខុសត្រូវខ្ពស់ លោក ម៉ាណែត កោតសរសើរ ដល់អាជ្ញធរ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ជាពិសេសលើការគ្រប់គ្រងមើលថែពលករ ដែលវិលត្រលប់ មកពីប្រទេសថៃ ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានបោះជំហានឈានមុខគេ បើធៀបជាមួយបណ្តាប្រទេសមួយចំនួន ដោយបានចុះដឹកនាំយន្តការប្រយុទ្ធដោយផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រោះសម្តេច យល់ថា ភាពចាំបាច់បំផុតចំពោះមុខ គឺ ទី១. ការពារអាយុជីវិតប្រជាជន និង ទី២. ធានាជីវភាពរស់នៅរបស់ប្រជាជន។

នៅមុនព្រឹត្តិការណ៍សហគមន៍១០ថ្ងៃ គឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនាមភាពជាអ្នកដឹកនាំវ័យក្មេង ដែលនឹងបន្តវេនពីវីរបុរសរបស់លោក លោក ហ៊ុន ម៉ាណែត ក៏ បានរួមចំណែកក្នុងការអំពាវនាវឱ្យប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ-១៩ រួចទៅហើយ មិនចាំបាច់រហូតដល់លោក ក្លាយជាមេដឹកនាំនោះទេ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក(Facebook) ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១បន្ទាប់ពីទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង លោក ហ៊ុន ម៉ាណែត បានបានសរសេរសារប្រាប់ទៅមហាជនថា លោកបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ហើយលោកអញ្ជើញឱ្យបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិខ្មែរ រួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ និងប្រជាជនកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនឯង ដើម្បីការពារខ្លួនឯង និងអ្នកដទៃ។

ថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃដែលថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន។ ក្នុងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងប្អូនៗប្រុសរបស់លោក ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់ សម្រាប់ការចាក់ថ្នាំបង្ការនៅកម្ពុជា។

តាមកាលវិភាគ ការចាក់វ៉ាក់សាំងកូវីដ-១៩ សីណូហ្វាម (Sinopharm)ជូនថ្នាក់ដឹកនាំកម្ពុជាលើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត លើទីតាំងចំនួន៤រួមមាន៖ ១.មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ២.មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ ៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត និង៤ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកកាសែតថា ក្រៅពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចាក់វ៉ាក់សាំងដំបូងគេនោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែរ ដូចជា លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី លោក ឌី វិជ្ជា លោក សុខ ពុទ្ធិវុធ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថានសាយ សំអាល់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ប៉ុន្តែការទទួលវ៉ាក់សាំង(ចាក់)ដំបូងគេរបស់លោក ម៉ាណែត និងឥស្សរជនខ្មែរដទៃទៀតនេះ ក៏ត្រូវបានក្រុមអ្នកប្រឆាំងបង្កាច់បង្ខូចកិត្តិយសដោយឥតអៀនខ្មាសដែរថា គឺជាការយកវីតាមីនសេទៅចាក់ជំនួស ដើម្បីបំភ័ន្តភ្នែកមហាជនទៅវិញ។ ការភូតភរ កុហកបោកប្រាសរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេសមុខដដែលៗ ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសលែងជឿ លែងតាម បន្ទាប់ពីអ្វីៗ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកូវីដ-១៩ មិនមែនដូចពួកគេបរិហារ ដើម្បីកេងចំណេញផ្នែកនយោបាយ។ ពួកគេថែមទាំងធ្លាប់ប្រតិដ្ឋព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នឹងដាក់ប្រទេសក្នុងភាពអាសន្នផងដែរ។

ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការរួមប្រយុទ្ធរបស់លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក គឺលោកស្រី ពេជ ចន្ទមុន្នី ធ្វើឱ្យការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ទទួលបានជោគជ័យគួរឱ្យស្ញើចសរសើរ និងមោទនៈក្រែងលែង ហើយក៏ធ្វើឱ្យពិភពលោកកោតសរសើរ ថ្លែងអំណរគុណសម្តេច ហ៊ុន សែន និងកូនប្រុសច្បងមិនដាច់ពីមាត់ដែរ។ សម្តេច ហ៊ុន សែន សម្រេចបើកដំណើរសេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញនៅចុងឆ្នាំ២០២១ និងបានផ្តល់ការលើកទឹកចិត្តដ៏ធំធេងដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នូវមេដាយកិត្តិយសដល់ថ្នាក់ដឹកនាំមួយចំនួន៕