(ឧត្តរមានជ័យ)៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យចំនួន៤៨នាក់ ក្នុងនោះស្ត្រីចំនួន៦នាក់ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។ ពិធីនេះធ្វើឡើងស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក ហោ ជិនវិរៈយុទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងលើកឡើងអំពីស្ថានភាពទូទៅរបស់ស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសក្នុងនាមលោកផ្ទាល់ជានិច្ចកាលតែងតែបើកកិច្ច ប្រជុំផ្សព្វផ្សាយ ពង្រឹងលើកិច្ចការងារអនុវត្តតួនាទី ភារកិច្ច តាមប៉ុស្តិ៍ អធិការក្រុងស្រុក តាមការិយាល័យជំនាញ ដើម្បីទប់ស្កាត់បង្ក្រាបរាល់បទល្មើសទូទៅ។ ជាងនេះទៅទៀតកម្លាំងបានពង្រឹងបន្ថែមលើការយាមល្បាត ទៅតាមគោលដៅសំខាន់ៗ ២៤លើ២៤ម៉ោង ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណជូនបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិសហគមន៍ជាប់ជាប្រចាំថ្ងៃ។

ក្នុងនាមនាយឧត្តមសេនីយ៍ ស ថេត, លោកឧត្តមសេនីយ៍ឯក តាន់ សំណាង បានចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យទាំង៤៨រូប ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ធ្វើការតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាពេលនេះ។

លោកឧត្ដមសេនីយ៍ឯក តាន់ សំណាង ក៏បានកោតសរសើរលោកឧត្តមសេនីយ៏ទោ ខូវ លី ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចលើការងារ ក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗច្រើន សម្រាប់អង្គភាព។ ជាងនេះទៅទៀត តាំងនាមអគ្គស្នងការនគរបាលជាតិ ក៏សូមក្រើនរំលឹកទៅមន្ត្រីនគរបាលដែលបានទទួលភារកិច្ចនៅថ្ងៃនេះ ត្រូវខិតខំបន្តលើកិច្ចការងារស្នូលដែលថ្នាក់លើប្រគល់ជូន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងក្រើនរំលឹកកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមព្រំដែន ត្រូវចេះសហការសាមគ្គីគ្នាឱ្យបានល្អ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារបូរណ ភាពទឹកដី នឹងបន្តខិតខំយកចិត្តទុកដាក់ចូលរួមទប់ស្កាត់បង្ការបង្ក្រាបការលបលួច ឆ្លងដែនខុសច្បាប់ ការលំហូរចូល នៃគ្រឿងញៀនខុសច្បាប់ និងបទល្មើសផ្សេងៗឱ្យបានជាប់ជាប្រចាំ។

លើសពីនេះទៅទៀតត្រូវពង្រឹងការងារ តួនាទី ភារកិច្ច ឱ្យបានល្អប្រសើរ ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារសន្តិសុខ សណ្តាប់ធ្នាប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ តាមគោលដៅឈរជើងរៀងៗខ្លួនឱ្យបានល្អ។

ត្រូវបង្កើនការសហការល្អជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទៅ ក្នុងការទប់ស្កាត់បង្ក្រាប់រាល់បទល្មើសផ្សេងៗ ដើម្បីភូមិឃុំមានសុវត្ថិភាព ដូចជាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រឿងញៀន បទល្មើសធនធានធម្មជាតិ បង្ក្រាបក្រុមក្មេងទំនើងជាដើម និងត្រូវចូលរួមប្រជុំផ្សព្វផ្សាយបំពេញបន្ថែមលើកិច្ចការងារ នៅតាមសាលារៀន ពាក់ព័ន្ធទៅនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នឹងជួយសម្រួលនៅតាមសាលារៀន ជួយសម្រួលចរាចរណ៏ពេល ក្មេងសិស្សសាលាចេញពីរៀននឹងសិស្សសាលាចូលរៀនជាប់ជាប្រចាំផងដែរ៕