(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍​របស់រដ្ឋាភិបាលជប៉ុន (MEXT)ចំនួន ៣១រូប ត្រៀមទៅបន្តការសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបនារសៀលនេះ ធ្វើឡើងដើម្បីជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រី មុននឹងចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងខែមេសា ឆ្នាំ២០២៥ និងមានបំណងស្វែងយល់​ដឹងអំពីទស្សនវិស័យ ចក្ខុវិស័យ យុទ្ធសាស្ត្រ និងទិសដៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំនួយដ៏សំខាន់ក្នុងការកំណត់ទិសដៅសិក្សានាពេលបច្ចុប្បន្ន និងអនាគតសម្រាប់​និស្សិត​ដើម្បីបង្កើតជាសមិទ្ធផលថ្មីៗ និងចូលរួមចំណែកក្នុងដំណើរការកសាងអនាគតមួយប្រកបដោយនិរន្តរភាព ទំនើបកម្ម និងផ្អែកលើនវានុវត្តន៍។

ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទៅសិក្សាក្នុងជំនាញផ្សេងៗគ្នា ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់​ផ្ដោតសំខាន់​លើការខិតខំប្រឹងប្រែងរៀនសូត្រ​ទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែម ពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន ទាំងអស់នេះជាទស្សនទាន​ដ៏មានតម្លៃបំផុត​សម្រាប់ប្អូនៗ​យកទៅអនុវត្ត ដើម្បីជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់ និងទទួលបានលទ្ធផលល្អប្រសើរ ក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ដែលផ្តល់ជូននិស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research) ថ្នាក់ឧត្តមសិក្សា (Undergraduate) ថ្នាក់មធ្យមសិក្សាបច្ចេកទេស(College of technology) ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)៕