(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។
លោកបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
លោកបណ្ឌិតប្រតិភូ បានជម្រាបជូនអង្គសន្និសីទ ដែលមានតំណាងសហគមន៍កសិករមកពីទូទាំងប្រទេសកម្ពុជា ជាង១០០នាក់ ដោយរំលេចថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា តាមរយៈការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់សរុបជិត៥០០ លានដុល្លារ ក្នុងនោះមានឥណទានប្រមាណ២៤០ លានដុល្លារដល់វិស័យស្រូវអង្ករ សម្រាប់កសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។
លោកបណ្ឌិតប្រតិភូ កៅ ថាច បានថ្លែងទៀតថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យធនធានកម្ររបស់កម្ពុជារឹងរិតតែកម្រថែមទៀត ដោយធ្វើឲ្យប្រជាកសិករមិនអាចផលិតបាលនូវទិន្នកផលកសិក្មឱ្យបានខ្ពស់ ដូចទម្លាប់ពួកគាត់ធ្លាប់ទទួលបាននាពេលកន្លងមក។
លើសពីនេះ លោកបណ្ឌិតប្រតិភូ បានលើកឡើងដោយរំលេចពំអីដំណើរការផលិតស្បៀងអាហារថា ជាធនធានកម្រ ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម ដោយធ្វើឱ្យកសិករពិបាកក្នុងការផលិតកសិផលនានា ដូចជាវិបាកមកលើដំណើរការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សទូទៅ។
លោកបណ្ឌិតបានលើកជាឧទាហរណ៍ថា ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រៃប្រួលអាកាសធាតុបានធ្វើឱ្យប្រជាកសិករខ្មែរពិបាកទាយទុកបាននៅរដូវ ភ្លៀង និងរដូវប្រាំង ជាពិសេសការឡើងកម្តៅបានធ្វើឲ្យការចិញ្ចឹមសត្វ និងការដាំដំណាំជួបការលំបាកថែម ទៀត។
ឆ្លើយតបនឹងបញ្ហាប្រឈមដូចបានលើកឡើងខាងលើ និងដើម្បីជំរុញអត្រាកំណើនផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាបន្ន ដែលផ្លល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាពខ្ពស់ និងអាហារុបត្ថម្ភសម្រាប់ការបំពេញតម្រូវការក្នុងស្រុក និងការនាំចេញ លោកបណ្ឌិតប្រតិភូ បានស្នើឲ្យសហព័ន្ធស្រូវអង្ករ ក៏ដូចជាក្រុមហ៊ុន សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ រួមបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីចូលរួមដោះ ស្រាយបញ្ហាប្រឈមលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុព្រមទាំងចូលរួម និងលើកកម្ពស់ការរីកលូតលាស់នៃវិស័យស្បៀងអាហាររបស់កម្ពុជា។
ចំណែកធនាគារអភិវឌ្ឃន៍ជនបទ និងកសិកម្ម នៅតែបន្តគាំទ្រហិរញប្រទានក្នុងវិស័យស្រូវអង្ករ ក៏ដូចជាវិស័យកសិកម្មទាំងមូល៕