(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង រវាងជនបទនិងទីក្រុង តាមរយៈការសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានា ដោយបានកែលម្អលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ មានជីវភាពរស់នៅកាន់តែប្រសើរ។
ក្នុងឱកាសចុះត្រួតពិនិត្យ បញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិ អន្លង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចាប់ផ្តើមអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ មករីកចម្រើន នៅគ្រប់វិស័យ ដែលសមិទ្ធផលទាំងនោះ បាននិងកំពុងបន្តដឹកនាំដោយស្វាហាប់ និងភាពប្រាកដប្រជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាសព្វថ្ងៃ។
លោក បន្តថា ជាក់ស្តែងស្ពានបេតុងនៅក្នុងភូមិ-ឃុំខាងលើ ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលសមិទ្ធផលនេះមិនមែនជាជំនួយពីខាងណានោះឡើយ ដោយរាជរដ្ឋាភិបាលចំណាយថវិកាជាតិផ្ទាល់ ជំរុញអភិវឌ្ឍន៍ស្ពាននេះឡើង សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រៅពីនេះមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលអភិវឌ្ឍន៍នៅតាមភូមិ-ឃុំ-ស្រុក ផ្សេងៗនៅទូទាំងប្រទេស ដែលការអភិវឌ្ឍន៍ជនបទនេះ បានចូលរួមចំណែកលើកកម្ពស់ប្រជាពលរដ្ឋមានផ្លូវ និងស្ពានសម្រាប់ធ្វើដំណើរ ការរកស៊ីទទួលទាន និងការធ្វើអាជីវកម្មផ្សេងៗ។ នេះជាការកែលម្អដល់លក្ខខណ្ឌនៃការរស់នៅររបស់សហគមន៍ជនបទ មានជីវភាពរស់នៅកាន់តែប្រសើរ។
លោកបានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនា បានឈានដល់បញ្ចប់សុពលភាព ប្រកបដោយគុណភាព ព្រោះស្ពាន ផ្លូវ ឬលូ និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតនៅតាមជនបទ សុទ្ធតែមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់។
ចំពោះនៅក្នុងជំនួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំស្ពាន និងសិល្បការ្យផ្សេងៗនៅក្នុងមូលដ្ឋាន រក្សាឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ សម្រាប់ ការប្រើប្រាស់យូរអង្វែង៕