(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើក​លែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្ត​មុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។

យោងតាមសារាចរធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានគូស​បញ្ជាក់​ថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាល​កិច្ច និងការ​ធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប ប្រកប​ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជ​រដ្ឋាភិបាលបាន​កំណត់​អភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជា​ជាងពង្រីក» ដើម្បី​ធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាព​ខ្ពស់។

ការណែនាំនេះ ក៏បានយោងលើលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគ​មុខងារ និងរចនា​សម្ព័ន្ធ​ក្រសួង ស្ថាប័ន និងស្មារតីនៃកិច្ចប្រជុំលើកទី៣ របស់​គណៈកម្មាធិការ​ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា(គ.វ.រ.) នាថ្ងៃទី១៦ ខែមករា ឆ្នាំ​២០​២៥ ផងដែរ។

ក្នុងសារាចរនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួង ស្ថាប័នរដ្ឋ ត្រូវកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ ដែលជាមុខងារស្នូលតាមវិស័យ និងមុខងាររងនៃមុខងារស្នូលតាមវិស័យ។

រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួង ស្ថាប័ន ត្រូវពិនិត្យ រៀបចំ និងកំណត់ក្របខណ្ឌការងារឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការរៀបចំរចនាសម្ព័ន្ធអង្គភាព, យន្តការស្ថាប័ន និងប្រព័ន្ធការងារ ឬវិធីសាស្ត្របំពេញការងារសមស្របផ្សេងៗ ដើម្បីធានាការអនុវត្តមុខស្នូល និងមុខងាររងនៃមុខងារស្នូលរបស់ក្រសួង ស្ថាប័ន ឱ្យមានប្រសិទ្ធភាប។

ក្នុងសារាចរនេះ រាជរដ្ឋាភិបាលក៏បានណែនាំពីការគាំទ្រការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល, ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល, មុខងារ និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, មុខងារ និងការប្រើប្រាស់ធនធានមនុស្ស, មុខងារ និងការប្រើប្រាស់ថវិការ និងការផ្តល់ការគាំទ្រ៕