(កែប)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ជូនដល់សិក្ខាកាមមកពីខេត្តកែប និងខេត្តកំពត ដែលកំពុងបំពេញការងារ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាសង្ឃហមិត្ត ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

សិក្ខាសាលា នេះ ក្រោមអតីភាព លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ សិក្ខាកាមជាជួរថ្នាក់ដឹកនាំនៃមន្ត្រីនៃការ កងកម្លាំង និងអ្នកពាក់ព័ន្ធ មកពីខេត្តកែប និងខេត្តកំពត ជាច្រើនរូប។

លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានមានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តកែប បានបង្ហាញពីសញ្ញាវិជ្ជមាននៃតម្រូវការសេវាធានារ៉ាប់រង។ ដូច្នេះលោកស្រីសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យមានការវិនិយោគដោយបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅខេត្តកែបសំដៅបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ហើយនេះជាជ្រុងមួយទៀតក្នុងការរួមចំណែកសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ក៏ដូចជាបង្កើតបរិយាកាសធុរកិច្ចឲ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋខេត្តកែប។

ថ្លែងក្នុងបើកសិក្ខាសាលាខាងលើ លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជា បានលើកបញ្ជាក់ថា ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ព្រមទាំងម្ចាស់ការដ្ឋានសំណង់ចាំបាច់ត្រូវមានការធានារ៉ាប់រង ដើម្បីឲ្យប្រាកដថា រាល់ករណីគ្រោះថ្នាក់ ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់អាយុជីវិត ពិតជាស្ថិតក្រោមទំនួលខុសត្រូវស្របតាមច្បាប់ ដែលបានចែងអំពីកាតព្វកិច្ចធានារ៉ាប់រងសម្រាប់ម្ចាស់អាជីវកម្ម។

លោកស្រី ហោ សុវឌ្ឍនា បន្តថា វិស័យធានារ៉ាប់រង ជាសមាសភាពដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គមតាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមហានិភ័យ ដែលត្រូវបានធានាជូនប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។ ជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រង ចំនួនបី ជាកាតព្វកិច្ចដែលរួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។

ហើយច្បាប់បានកំណត់ជាកាតព្វកិច្ច ដល់ម្ចាស់ប្រកបអាជីវកម្មទាំងនេះ ដូច្នេះម្ចាស់អាជីវកម្មត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវរាល់ការខូចខាតដល់តតិយជន ដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន។ ជាមួយនោះ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះផងដែរ។

គួរបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភ ដល់ជាង ៣៧០លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបជាង១,២ប៊ីលានដុល្លារអាម៉េរិក យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រង ប្រមាណតែ ២២ដុល្លារអាម៉េរិក៕