(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនឹងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅព្រឹកថៃ្ងសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដាក់កម្រផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាពនៅថៃ្ងសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងការទទួលមរណភាព របស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន, លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូអមដំណើរទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តីសង្វេគ ចំពោះមរណភាព អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវឧត្តមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។

លើសពីនេះទៅទៀត មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ដ៏ធំធេងឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានខិតខំបំពេញ ការងារ និងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា៕