(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានដឹកនាំគណៈប្រតិភូ សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧ នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។
សូមជម្រាបជូនថា មរណភាពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់ ស្វាមី ឪពុក និងជីតា ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលបុត្រស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។
លោកជំទាវឧកញ៉ាបណ្ឌិត និងគណៈប្រតិភូ សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព និងសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន និងសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ អញ្ជើញទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕