(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាការងារលើរបៀបវារៈជាច្រើន ក្នុងនោះ ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រី ក្នុងវិស័យអប់រំ ជាកិច្ចការឆ្ពោះទៅមុខដែលគួរកត់សម្គាល់ តាមរយៈការពិភាក្សាលើ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ និងការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។
ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាពិសេសការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើយ៉ាងណាធានាដល់អនុវត្តស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សំដៅដល់ការជ្រើសមន្ត្រី ដែលមានគុណវុឌ្ឍិជាក់លាក់ ស្របតាមផែនការ និងស្របតាមគោលដៅការងារដែលត្រូវបំពេញ។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំចងក្រងមុខតំណែងរួចរាល់ ផ្អែកលើមុខងារស្នូល មុខងាររង និងមុខងារគាំទ្រ សម្រាប់បន្តពិភាក្សា។
ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការគ្រប់គ្រងមន្ត្រីក្នុងបរិបទជាប្រព័ន្ធនិយោជន៍ ពោលជាមន្ត្រីដែលមិនស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល តែនឹងទទួលបានបៀវត្សស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងមន្ត្រីរាជការស៊ីវិលដែរ។
ក្នុងរបៀបវារៈនៃការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ ពោលគឺការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងវិស័យអប់រំ ក្រសួងទាំងពីរបានជជែកគ្នា ផ្អែកលើគំនិតផ្តួចផ្តើមមួយរបស់ក្រសួងមុខងារសាធារណៈ ដែលគំនិតនេះក៏បានដើរស្របជាមួយគោលដៅវែងឆ្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
គំនិតផ្តួចផ្តើមនេះ ជាការគិតគូរចេញពីការជ្រើសរើស ការបណ្តុះបណ្តាល ការប្រឡងប្រជែងស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងគ្រប់គ្រង គ្រូបង្រៀននាថ្ងៃអនាគតប្រកបដោយគុណភាព សមត្ថភាព វិជ្ជាជីវៈ និងមានគុណវុឌ្ឍិ ស្របតាមតម្រូវការ ផែនការ ហើយអាចចេញបំពេញការងារបានទាន់ពេលវេលា និងគ្រប់គោលដៅនៃតម្រូវការ។
សូមរំលឹកថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រីប្រតិភូក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត៕