(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ការបង្កើតអនាគត៖ ការប្រកួតប្រជែង និងនិរន្តរភាព»។
កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលរៀបចំដោយសមាគម TAFTAC, អង្គការអន្តរជាតិខាងការងារ (ILO), សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham), គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia), អង្គការ GIZ ក្រោមការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។
កិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា (Cambodia Global Textile Summit 2025)នេះ ជាវេទិកាជួបជុំរវាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ម្ចាស់ម៉ាកអន្តរជាតិ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម តំណាងនិយោជក អង្គការតំណាងកម្មករនិយោជិត ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយ ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតសម្រាប់អាជីវកម្មដែលកំពុងស្វែងរកប្រភពទំនិញ សេវាកម្ម និងការផលិត៕