(ភ្នំពេញ)៖ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេល២ថ្ងៃកន្លងមកនេះ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ បានឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ នៅក្នុងបរិវេណក្លឹបវាយសី នរា អមដោយការចូលរួមពីសំណាក់គណៈកម្មការរៀបចំការប្រកួត ក្រុមការងារ អាជ្ញាកណ្តាល កីឡាករ ក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងមានការចូលរួមអបអរសាទរពីសាធារណជនផងដែរ។

ថ្លែងនៅក្នុងពិធីបិទការប្រកួតនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាតាមរយៈវិស័យកីឡា។

លោកបានបន្តថា ដំណើរការប្រកួត២ថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន គឺកើតចេញមកពីស្មារតីទទួលខុសត្រូវ ការចេះអត់ឱន និងការគោរពគ្នាទៅវិញទៅមក។ ជាធម្មតាការប្រកួតតែងតែមានឈ្នះ និងចាញ់ ទោះបីភាគីមួយណាឈ្នះ ឬចាញ់ក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះ គឺសុទ្ធតែមានចំណែកអ្នកទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូបសុទ្ធតែទទួលបានសមិទ្ធផលសម្រាប់ខ្លួនឯងនោះគឺមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នាដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលខាងមុខ។ គោលបំណងនៃការរៀបចំការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥នេះ គឺដើម្បីបង្កើតឡើងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោមប្រធានបទ «មនុស្សម្នាក់លេងកីឡាមួយប្រភេទ» និងចូលរួមជាសកម្មភាពបំផុសគំនិតដល់យុវជន ចូលរួមលេងកីឡាស្របតាមអនុសាសន៍ ប្រមុខរដ្ធាភិបាល «កីឡារស់ក្នុងសន្តិភាព»

គួររំលឹកថា ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើម និងដឹកនាំផ្ទាល់ពីលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដោយត្រូវបានចែកចេញជា ៤វិញ្ញាសាសម្រាប់ការប្រកួត។ ក្នុងនោះផងដែរពិធីបិទ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយភាពរីករាយ។

ការរៀបចំប្រកួតវាយសីនេះ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាវាយសីនៅកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះការបង្កើតការប្រកួតនេះឡើងក៏ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាអាចបញ្ចេញសមត្ថភាព និងទេពកោសល្យក្នុងការលេងកីឡា ដែលជាថ្នាលមួយសម្រាប់បណ្តុះធនធានបន្តវេន។ លើសពីនេះទៅទៀតព្រឹត្តិការដ៏មានសារៈសំខាន់នេះបានរួមចំណែកជួយដល់យុវជនកម្ពុជាអាចលេងកីឡាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ចៀសវាងយកពេលវេលាដ៏មានតម្លៃទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេឆ្នាំ២០២៥ ក្រុមដែលឈ្នះបានចំណាត់ថ្នាក់លេខ១ ដល់លេខ៤ត្រូវទទួលបានពានរង្វាន់ ប្រាក់ឧបត្ថម្ភ និងមេដាយដូចខាងក្រោម៖

*ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ និងមេដាយមាសម្នាក់មួយ ប្រាក់ឧបត្ថម្ភចំនួន ១,០០០,០០០រៀល បាច់ផ្កា និងរ៉ាកែតកម្នាក់មួយ។
*ជ័យលាភីលេខ២ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល មេដាយប្រាក់ និងស្បែកជើងម្នាក់មួយគូរ
*ជ័យលាភីលេខ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល មេដាយសំរឹត និងកាបូបម្នាក់មួយ
*ជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹទ្ធម្នាក់មួយ និងការដូរអនុស្សាវរីប្អូនកីឡាករ កីឡាការិនីទាំងអស់ឱ្យជួបប្រទះតែពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច៕