(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារធ្វើដំណើរដោយថ្មើរជើង ដើម្បីចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម។

ការចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ស្នងការ ស្នងការរង នគរបាលខេត្ត មេបញ្ជាការនគរបាលវរការពារព្រំដែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការរងខេត្ត មេបញ្ជាការវរសេនាតូចលេខ២២៩ អភិបាលស្រុកពាមជរ អធិការនគរបាលស្រុក មេបញ្ជាការផែ្នកសឹងរងស្រុកពាមជរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក សួន សុម៉ាលីន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ជាមួយគ្នានេះ លោកបានកោតសរសើរ និងដឹងគុណដល់បងប្អូនកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។

បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកអំណាយមួយចំនួនរួមមាន៖ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ មី ត្រីខ និងថវិកាជូនដល់កងកម្លាំង១៥៨នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០មុឺនរៀល និងឧបត្ថម្ភអង្គភាពការពារព្រំដែន ក្នុងមួយអង្គភាព១លានរៀលផងដែរ៕