(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានលើកឡើងគម្រោងបង្កើតផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» សម្រាប់គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោកស្រីបានបន្ថែមថា ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនឹងត្រូវដាក់បញ្ជូលក្នុងក្របខណ្ឌជាតិនេះ ដែលអាចទទួលបានការគាំទ្រប្រភពហិរញ្ញវត្ថុពីប្រភពផ្សេងៗ ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ UNDP ដែលបានជួយគាំទ្រកម្ពុជា ក្នុងការរៀបចំផែនការក្របខណ្ឌជាតិហិរញ្ញប្បទានជាតិ ធ្វើជាមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាពឱ្យស្របទៅនឹងបរិការណ៍កម្ពុជា ជាពិសេសអំពីចក្ខុវិស័យរួមជាមួយនឹងការឆ្លើយតបទៅនឹងតម្រូវការនិងការឆ្លើយតបដើម្បការគ្រប់គ្រងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានថ្លែងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរៀបចំឡើង ដោយអនុលោមតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ ការអភិវឌ្ឍប្រកបដោយចីរភាព ដែលឈរលើសសរស្តម្ភចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តី អ៊ាង សុផល្លែត ក៏បានលើកឡើងពីការអនុវត្តយុទ្ធសាស្រ្តចក្រា ដោយផ្តោតសំខាន់លើ៖ មុំនៃភាពស្អាត ពិសេសផ្តោតសំខាន់ទៅលើភាពស្អាត ក្នុងផ្នត់គំនិត ភាពស្អាតលើដី និងភាពស្អាតក្នុងទឹក។

លោកបានថ្លែងអំណរគុណដល់ក្មួយៗសិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភាពស្អាត តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ!» មានអ្នកចូលរួម១១ លាននាក់ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត ៦លាននាក់ និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សំដៅធ្វើការសម្អាត នៅតាមតំបន់សាធារណៈដែលមិនមានមនុស្សរស់នៅ និងតំបន់ ការពារធម្មជាតិ។

លោករដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបរិស្ថានក៏បានគិតគូរលើភាពបៃតង ដែលបានដាក់ចេញយូទ្ធនាការដាំដើមឈើយ៉ាងតិ១លានដើមរៀងរាល់ឆ្នាំ ដែលក្នុងនោះឆ្នាំ២០២៥ ក្រសួងគ្រោងចែកកូណឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ចំនួន៣លានដើម បន្ថែមទៀត តាមរយៈយុទ្ធនាការបណ្តុះ «ពន្លកបៃតង»។

លើសពិនេះក្រសួង បានដាក់ចេញវិធានការពង្រឹង ការគ្រប់គ្រងព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ជីវភាពសហគមន៍ ជាពិសេសការរៀបចំបង្កើត គម្រោងលំហែបៃតង ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ មានជម្រើសថ្មី អាចរកចំណូលបានប្រសើរជាងមុន និងបានចូលរួមក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល៕