(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុមហ៊ុនបង្គោលអង់តែន និងក្រុមហ៊ុនបណ្តាញខ្សែកាបអុបទិកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ៩០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានា ដែលក្រសួងសម្រេចបាននាពេលកន្លងមក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី គូសបញ្ជាក់អំពីកិច្ចសហការដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត បង្គោលអង់តែន និងខ្សែកាបអុបទិក ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ទូទាំងរាជធានី ខេត្ត សំដៅពង្រឹង និងពង្រីកគុណភាពសេវាទូរគមនាគមន៍ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងសោភ័ណ្ឌភាពទីក្រុង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាអាទិ៍បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងឧបករណ៍បញ្ជូនទទួលក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្កការរំខានដល់អ្នកប្រើប្រាស់ ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ព្រមទាំងសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។
ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ឱ្យសហការបន្ថែមទៀតជាមួយក្រសួង និងនិយ័តករទូរគមនាគមន៍កម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីសហការ និងកំណត់យន្តការចូលរួមទប់ស្កាត់៕