(កំពង់ធំ)៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិតនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូបទៀតផងដែរ។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិត គឺក្នុងគោលបំណង ដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតរួមមាន ការសាងសង់ខ្នងទំនប់សរុបប្រវែង ២,៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១,១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១,១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨% ហើយ។៕