(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ហើយតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» យុវជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅនឹងទទួលបានចំណេះដឹងដែលជាមូលដ្ឋានគ្រឹះដើម្បីអាចផ្ទៀងផ្ទាត់បែងចែករវាងព័ត៌មានពិត និងក្លែងក្លាយ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។
ត្រង់ចំណុចនេះ លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ដូច្នេះហើយ ក្រសួងព័ត៌មាននឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការណ៍នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទូចដល់អ្នកសារព័ត៌មាន និងសាធារណៈជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល៕