(ភ្នំពេញ)៖ April Fool's Day ដែលប្រារព្ធនៅថ្ងៃទី០១ ខែមេសា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលមនុស្សតែងយកមកនិយាយ Prank លេងសើច កំប្លែង និងបោកបញ្ឆោតគ្នាទៅវិញទៅមក។ បើទោះបីជាប្រភពដើមនៃថ្ងៃនេះ ហាក់ដូចជាមិនត្រូវបានគេរៀបរាប់ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែក៏មានការនិទានជាច្រើន ដែលបានផ្តោតអំពីមូលហេតុអ្វីខ្លះ ដែលបាននាំឱ្យថ្ងៃទី០១ ខែមេសា ត្រូវបានពិភពលោកចាត់ទុកថាជាថ្ងៃ April Fool’s Day នោះ។ Fresh Exclusive មានសេច ក្តីរាយការណ៍ស៊ីជម្រៅមួយស្រាវជ្រាវភាពពាក់ព័ន្ធនៃប្រវត្តិ April Fool’s Day ដូចតទៅនេះ៖
ជារៀងរាល់ឆ្នាំ ប្រតិទិនតាមបណ្តាប្រទេសមួយចំនួនរបស់ពិភពលោក បានហៅថ្ងៃទី០១ ខែមេសា ជាថ្ងៃ April Fool ដែលមនុស្សជាច្រើន តែងយកថ្ងៃ០១ ខែមេសានោះ មកនិយាយ Prank លេងសើច និទានកំប្លែង និងបោកបញ្ឆោតគ្នាទៅវិញទៅមក។ តើហេតុអ្វីបានជាមាន April Fool's Day? យោងតាមការស្រាវជ្រាវ មានការនិទានយ៉ាងហោចចំនួន០៤ បានជាប់ពាក់ព័ន្ធនឹងប្រវត្តិ April Fool's Day ថ្ងៃទី០១ ខែមេសា។
១៖ ការផ្លាស់ប្តូរទ្រឹស្តីប្រតិទិន
ទ្រឹស្ដីមួយក្នុងចំណោមទ្រឹស្ដីដែលគេបានទទួលយកយ៉ាងទូលំទូលាយបំផុតនោះ គឺភាពផ្សារភ្ជាប់ទៅនឹងការអនុម័តប្រតិទិន Gregory ឬ Gregorian Calendar។ គឺនៅឆ្នាំ១៥៨២ សម្តេច Pope Gregory ទី១៣ នៃអាណាចក្ររ៉ូមរបស់ប្រទេសអ៊ីតាលី បានបញ្ជាឱ្យផ្លាស់ប្តូរពីប្រតិទិនជូលៀន Julian Calendar ទៅជាប្រតិទិន ហ្គ្រេហ្គោរៀន Gregorian Calendar ដែលបានផ្លាស់ប្តូរការចាប់ផ្តើមនៃឆ្នាំថ្មី ពីចុងខែមីនា ទៅដើមថ្ងៃទី០១ ខែមករា មានន័យថា កាលពីសម័យមុននោះ ទិវាចូលឆ្នាំសកល ត្រូវបានគេកំណត់យកថ្ងៃចុងខែមីនា ប៉ុន្តែភាពផ្លាស់ប្តូរថ្មីតាមប្រតិទិន Gregorian Calendar បានផ្លាស់ប្តូរមកថ្ងៃទី០១ ខែមករា ដូចមានរហូតមកទល់នឹងបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមានការយឺតយ៉ាវក្នុងការទទួលយកការផ្លាស់ប្តូរនេះ ហើយពួកគេបានបន្តប្រារព្ធពិធីចូលឆ្នាំថ្មីនៅថ្ងៃទី០១ ខែមេសា។ ដូច្នេះអ្នកដែលបានសម្របយកតាមប្រតិទិនថ្មី បានសើចំអកឱ្យពួកអ្នកយឺតយ៉ាវក្នុងការផ្លាស់ប្តូរនោះ ដោយនិយាយលេងសើច និងហៅពួកគេថាជា «មនុស្សល្ងីល្ងើ ខែមេសា» ឬ «April Fool»។
២៖ ពិធីបុណ្យ Roman of Hilaria
ទ្រឹស្ដីមួយទៀតបង្ហាញថា «April Fool's Day» មានប្រវត្តិចេញមកពីក្រុង Rome បុរាណ។ ជនជាតិរ៉ូម ដែលគេនិយមហៅថាពួក Romans បានប្រារព្ធពិធីបុណ្យមួយដែលមានឈ្មោះថា Hilaria ដែលជាភាសាឡាតាំងគឺ «រីករាយ» ដែលតែងធ្វើនៅចុងខែមីនា។ ក្នុងអំឡុងពេលពិធីបុណ្យរីរាយ Hilaria នេះ មនុស្សខ្លះតែងស្លៀកពាក់ក្នុងរបៀបក្លែងបន្លំ និងចំអកឱ្យអ្នកដទៃ ដែលស្រដៀងគ្នានឹងស្មារតីនៃការលេងសើចរបស់មនុស្សសម័យទំនើប ដែលនោះគឺជា ការចំអកឱ្យ «April Fool»។
៣៖ ពិធីបុណ្យនិទាឃរដូវមកដល់សាជាថ្មី
វប្បធម៌បុរាណជាច្រើន បានប្រារព្ធការមកដល់និទាឃរដូវ ជាមួយនឹងពិធីលេងសើចជាប្រពៃណីសាសនា Playful Rituals។ ជាឧទាហរណ៍ នៅប្រទេសបារាំង មានប្រពៃណីមួយហៅថា «Poisson d'Avril» (ត្រីខែមេសា) ដែលមនុស្សនឹងបិទរូបត្រីធ្វើពីក្រដាសដាក់នៅលើខ្នងរបស់នរណាម្នាក់ដើម្បីជាការលេងសើច។ ប្រពៃណីនេះ នៅមានរហូតដល់សព្វថ្ងៃ។
៤៖ រឿងនិទាន Canterbury របស់ Chaucer
នៅក្នុងរឿង «The Canterbury Tales» របស់លោក Geoffrey Chaucer ក្នុងឆ្នាំ១៣៩២, មានរឿងមួយដែលនិយាយអំពី ថ្ងៃទី៣២ ខែមីនា ដែលគេបានបកស្រាយថា គឺជាទី0១ ខែមេសា ដែលជាថ្ងៃនៃព្រឹត្តិការណ៍ដ៏ល្ងង់ខ្លៅ តែងកើតឡើង។ អ្នកខ្លះជឿថា ដោយសាររឿងនិទាននេះហើយ វាអាចជាសេចក្តីយោងដំបូងបំផុតមួយចំពោះការបង្កើននៃគំនិត April Fool's ។
* ទិវា April Fool’s Day កើតឡើងជុំវិញពិភពលោក
ទិវា April Fool’s Day បានវិវឌ្ឍន៍អស់ជាច្រើនសតវត្សមកហើយ ហើយត្រូវបានប្រារព្ធខុសៗគ្នានៅក្នុងប្រទេសផ្សេងៗ៖
- នៅប្រទេសបារាំង៖ ដូចដែលបានរៀបរាប់រួចមកហើយនេះ គឺនៅថ្ងៃទីមួយមេសានោះ មានមនុស្សបិទរូបត្រីក្រដាសដាក់នៅលើខ្នងរបស់គ្នាទៅវិញទៅមក ហើយស្រែកថា "Poisson d'Avril!"។
- នៅចក្រភពអង់គ្លេស៖ ការលេងសើច គឺគេលេងតែនៅពេលព្រឹកទេ។ ប៉ុន្តែអ្នកណាដែល Pranks លេងសើចកំប្លែង ក្រោយពេលថ្ងៃត្រង់ នឹងត្រូវបានគេចាត់ទុកថាជា «មនុស្សល្ងង់»។
- នៅស្កុតឡេន៖ គេប្រារព្ធរយៈពេលដល់ទៅពីរថ្ងៃនៃការលេងសើច April Fool និងការលេងសើចរយៈពេល២ថ្ងៃនោះ ត្រូវបានគេស្គាល់ថា "Hunt the Gowk"។ ពាក្យ Gowk មានន័យថាមនុស្សល្ងង់ ឬគេហៅម្យ៉ាងទៀតគឺ cuckoo សម្រាប់មនុស្សល្ងីល្ងើ។ ថ្ងៃដែលគេលេង សើចចំពោះមនុស្សល្ងង់នោះដែរ ក៏ត្រូវបានគេដាក់ឈ្មោះ "Taily Day" ដែលការលេងសើចចំអកដោយការលួចដាក់កន្ទុយក្លែងក្លាយ ឬប្រើសម្តីលេងសើច បិទដាក់ទៅលើខ្នងអ្នកណាម្នាក់។
- នៅប្រទេសអេស្ប៉ាញ និងអាមេរិកឡាទីន៖ ថ្ងៃស្រដៀងគ្នាដូចថ្ងៃ April Fool ឈ្មោះហៅថា "Día de los Santos Inocentes" ត្រូវបានគេសង្កេតឃើញតែងធ្វើឡើង ប៉ុន្តែគឺនៅថ្ងៃទី២៨ ខែធ្នូ ដែលជាថ្ងៃគេPrank លេងសើច និងបោកបញ្ឆោតគ្នាទៅវិញទៅមក។ ហើយចុះប្រពៃណីនៅក្នុងតំបន់អាស៊ីយើងវិញ ជាពិសេសនៅក្នុងប្រទេសកម្ពុជា?
* តើមានទិវា April Fool នៅកម្ពុជាដែរឬទេ?
កម្ពុជា មិនមានទិវា April Fool នោះទេ ប៉ុន្តែនៅក្នុងពាក់កណ្តាលខែមេសាជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជា, ប្រជាជនថៃ, ឡាវ, មីយ៉ាន់ម៉ា, ស្រីលង្កា និងផ្នែកមួយចំនួននៅឥណ្ឌា និងចិនផងដែរ ប្រារព្ធបុណ្យចូលឆ្នាំរបស់ពួកគេនាពាក់កណ្តាលខែមេសា។ ប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ក៏ត្រូវបានគេរាយការណ៍យកខែមេសា ធ្វើជាពិធីបុណ្យចូលឆ្នាំរបស់ខ្លួនផងដែរ។ ប៉ុន្តែបើទោះបីជាកម្ពុជាគ្មានទិវា April Fool ប៉ុន្តែសកលភាវូបនីយកម្ម និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីទិវា April Fool នេះជ្រួតជ្រាបដល់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ យុវជនកម្ពុជា ជាពិសេសអ្នកដែលចូលចិត្តសរសេរតាមប្រព័ន្ធបណ្តាញសង្គម ឬអ្នកខ្លះ ដែលមានទំនាក់ទំនងជាមួយវប្បធម៌បស្ចិមប្រទេស ពួកគេក៏អាចឃើញលេងសើច ដូចអ្វីដែលពួកបស្ចឹមប្រទេសបានធ្វើនៅថ្ងៃទី០១ ខែមេសា April Fool’s Day នោះផងដែរ។
ប៉ុន្តែចំពោះប្រទេសកម្ពុជា និងប្រជាជាតិមួយចំនួនក្នុងតំបន់អាស៊ី ខែមេសា គឺជាខែដែលសំខាន់បំផុត។ ខែមេសា គឺជារដូវកាលមាសប្រចាំឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានពេលនេះ កំពុងរៀបចំខ្លួនដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៥ ដោយក្តីរំភើប និងរីករាយយ៉ាងក្រៃលែង។
ពិធីបុណ្យសង្ក្រាន្ត៣ថ្ងៃ នៅក្នុងខែមេសា ជារៀងរាល់ឆ្នាំរបស់ប្រទេសកម្ពុជា គឺជាពិធីបុណ្យ ដែលមិនត្រឹមតែជាក្តីអបអរសាទរ នៃវប្បធម៌ដ៏រស់រវើករបស់ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងដ៏មានអានុភាពនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ដែលជាមូលដ្ឋានគ្រឹះ នៃភាពសុខដុមរមនារបស់ជាតិទាំងមូល៕