(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះក្រុមហ៊ុន CS TAN CO., LTD. ដែលជាក្រុមហ៊ុនកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ទៅក្នុងទឹកសាធារណៈជាថ្មីទៀត ធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់គុណភាពទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីប្រកាសចាត់វិធានការទៅតាមក្រមស្តីពីបរិស្ថាន ដោយមិនលើកលែងនោះឡើយ។
កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានរកឃើញម្តងរួចមកហើយនូវសកម្មភាពរបស់រោងចក្រក្រុមហ៊ុន CS TAN CO., LTD. ប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយការចាត់វិធានការរបស់ក្រសួង ក្រុមហ៊ុនបានលុបប្រឡាយជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ។
ស្រាប់តែពេលថ្មីៗនេះ ប្រជាពលរដ្ឋបានឃើញរោងចក្រខាងលើនេះ បន្តបញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវនេះចូលទៅទឹកសាធារណៈទៀតហើយ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រឹតកម្មបរិស្ថាន បានចុះត្រួតពិនិត្យជាថ្មីទៀតលើទីតាំងក្រុមហ៊ុន CS TAN CO., LTD. នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានពិនិត្យឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីកបង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ ខាងក្រោយរោងចក្រ ហើយកាយប្រឡាយដីជំនួសវិញ ដើម្បីឱ្យទឹកដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបានសម្អាតត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូលព្រែកន្លង់នេះដដែល។
ក្រុមការងារក្រសួងបរិស្ថាន បានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែងបញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមានពណ៌ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សារធាតុពុលលើសកម្រិតស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មកពិនិត្យក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។
ការបង្ហូរកាកសំណល់កខ្វក់ចូលទៅក្នុងទឹកសាធារណៈបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន គុណភាពទឹក និងសុខភាពប្រជាពលរដ្ឋ។ បើគ្មានវិធានការទប់ស្កាត់ទេនោះ សកម្មភាពទាំងខ្វះការទទួលខុសត្រូវលើផ្នែកបរិស្ថានពីសកម្មភាពទាំងនេះ នឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់បរិស្ថាននៅកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន CS TAN CO., LTD. បញ្ឈប់ជាបន្ទាន់ ការបង្ហៀរសំណល់រាវ ដែលពុំបានសម្អាតត្រឹមត្រូវ និងបានបង្កឱ្យមានការបំពុលប្រភពទឹកស្អាត។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសចាត់វិធានការច្បាប់មិនលើកលែងនោះឡើយ ចំពោះក្រុមហ៊ុននេះ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
បើតាមលោករដ្ឋមន្ត្រី សកម្មភាពរបស់ក្រុមហ៊ុន គឺល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៨ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងករណីមិនបញ្ឈប់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនៃការគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាននឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងឈានទៅឃាត់ខ្លួនម្ចាស់រោងចក្រ សហគ្រាស ដើម្បីចៀសវាងការបង្ហូរសំណល់រាវបង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត យោងតាមមាត្រា៨២៤ និងមាត្រា៨២៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលកន្លងមកបានជួយផ្តល់ព័ត៌មានពាក់ព័ន្ធសកម្មភាពទាំងឡាយធ្វើឱ្យប៉ះពាល់បរិស្ថាន។ សម្រាប់លោករដ្ឋមន្ត្រី ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាចំណែកដ៏សំខាន់ណាស់ក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជាការងារអាទិភាព។
ក្នុងសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការងារតាមដានត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថាន ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយសំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។
ក្នុងសារាចរនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
៣៖ ជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។
៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។
៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។
៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី៕