(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅប្រទេសជប៉ុន។
កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីសំណាក់ លោក ហៃ វណ្ណា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងមិត្តជប៉ុនសរុបប្រមាណជា៣០០នាក់ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាលបំផុត។
នាឱកាសនោះ លោក ទុយ រី បាននាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ទុយ រី បានជម្រាបជូនអ្នកចូលរួមអំពី៖ ១៖ សមិទ្ធិផលលេចធ្លោសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី, ២៖ សារសំខាន់នៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់បច្ចុប្បន្ន, ៣៖ កំណើនសេដ្ឋកិច្ច និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ និង៤៖ ទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក។
ក្នុងនាមជាភ្ញៀវកិត្តិយស លោក ហៃ វណ្ណា ដែលបានអញ្ជើញទៅលេងមាតុភូមិកម្ពុជា នាចុងឆ្នាំ២០២៤ បានជម្រាបជូនអ្នកចូលរួមអំពី ភាពរីកចម្រើនពិតប្រាកដ និងការអភិវឌ្ឍជាក់ស្តែង និងជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចធិបតី ហើយក៏បានលើកទឹកចិត្តផងដែរឲ្យយុវជនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស រួមទាំងប្រទេសជប៉ុន ខិតខំប្រឹងប្រែងរៀនសូត្រ និងចាប់យកជំនាញឲ្យច្បាស់លាស់ ដើម្បីអាចក្លាយជាធនធានមនុស្សដ៏មានតម្លៃ សំដៅរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា។
សូមជម្រាបថា កម្មវិធីសំខាន់ៗមានជាអាទិ៍៖ ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមទាំងប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន ៤ អង្គ និមន្តមកពីវត្ត បារមីគិរីខេមរាគ្នំបិតាធំ និងវត្តខ្មែរសាមគ្គី ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង ដណ្តើមស្លឹកឈើ រាំដណ្តើមកៅអី ការរាំលេងកម្សាន្ត និងពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងស្និទ្ធស្នាល ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ជាចុងក្រោយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមគោរាគៈទេវី សូមជួយតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបានប្រកបដោយពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕