(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សមាគមយុវជនឌីជីថលកម្ពុជា-ចិន ស្ទូឌីយោវប្បធម៌ចិន Jun Guzheng និងសាលាមធ្យមវិចិត្រសិល្បៈ ការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» នៅជាន់ទី៤៧ នៃអគារ Morgan ស្ថិតក្នុងបរិវេណកោះពេជ្រ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសសាទរសង្ក្រាន្តឆ្នាំម៉្សាញ់ប្រពៃណីជនជាតិខ្មែរ ព្រឹត្តិការណ៍នេះបាននាំយកនូវទស្សនីយភាព មហោស្រពតន្ត្រីឆ្លងព្រំដែន ដោយបានទាក់ទាញទស្សនិកជនប្រមាណ ៥០០នាក់ចូលរួម ហើយព្រឹត្តិការណ៍នេះ បានបង្ហាញពីភាពទាក់ទាញដ៏ជ្រាលជ្រៅ នៃវប្បធម៌តន្ត្រីប្រពៃណី របស់ប្រទេសទាំងពីរទៅកាន់ពិភពលោក តាមរយៈប្រព័ន្ធសារព័ត៌មាន និងវេទិកាផ្សព្វផ្សាយសង្គមរបស់ប្រទេសយើងទាំងពីរ ដើម្បីបន្ថែមភាពរឹងមាំដល់ការលើកកម្ពស់នៃការផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិន។
ការប្រគុំតន្ត្រីក្រោមប្រធានបទ «ភ្លេងខ្មែរបុរាណ សម្លេងថ្មី វិថីសូត្រ» បាននាំមកនូវមរតកសិល្បៈតន្ត្រីប្រពៃណី មកពីប្រទេសទាំងពីរ។ សិស្សតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈកម្ពុជាបានប្រគុំតន្ត្រី បុរាណដូចជាបទ «ខ្មែរតែងខ្លួន» «ដំណើរចិន» «ព្រះទីនាំង» និង «ហោមរោង» ជាមួយនឹងឧបករណ៍ដូចជាពិណ រនាថ ស្គរ និងខ្លុយខ្មែរជាដើម ដោយបានប្រគុំរលឹកឡើងវិញ នូវប្រវត្តិសាស្ត្រដ៏យូរលង់នៃអរិយធម៌ខ្មែរ។ ដោយឡែកនិស្សិតចិន បានប្រើប្រាស់ឧបករណ៍បុរាណចិនដូចជា ពិណ រនាថ និងខ្លុយជាដើម ដើម្បីបង្ហាញពីភាពរស់រវើកនៃតន្ត្រីចិន ជាមួយនឹងបំណែកល្បីៗដូចជា «ឆ្នេរសៀងហៃ» «ចម្រៀងនៅពេលល្ងាចពីនាវានេសាទ» និង «បម្រែបម្រួលទាំងបីរបស់ផ្កាម៉ីហ័រ»ជាដើម។
ព្រឹត្តិការណ៍នេះបានឈានដល់ភាពកាន់តែជក់ចិត្ត ក្នុងពេលដែលតន្ត្រីករនៃប្រទេសយើងទាំងពីរ បានប្រគុំរួមគ្នា ដោយប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរ និងចិន ក្រោមទំនុកបទភ្លេងដែលមានចំណងជើងថា «តន្ត្រីពីវិមានពពក» ហើយបទភ្លេងនេះ ទទួលបានការទះដៃយ៉ាងយូរប្រកបដោយភាពរំភើបក្រៃលែង ពីទស្សនិកជនទាំងអស់។
ភាពជោគជ័យនៃការប្រគុំតន្ត្រីនេះ គឺទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបុគ្គល សហគ្រាស និងសង្គមស៊ីវិលនានានៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ មានការអញ្ជើញផ្តល់កិត្តិយសពីសំណាក់លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ និងអ្នកតំណាងមកពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ផ្សារមូលបត្រកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្រុមហ៊ុនHuawei ក្រុមហ៊ុន wownow ក្រុមហ៊ុន U-Mall ក្រុមហ៊ុនគ្រឿងអលង្ការ Luk Fook ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines និងសង្គមស៊ីវិលនានាជាច្រើនទៀត៕