(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីប្រមាណ៧០ហិកតា ដែលបានត្រៀមនៅតំបន់ទំនប់កប់ស្រូវ ដើម្បីធ្វើសួនសាធារណៈជូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ និងសម្រាកលំហែនៅថ្ងៃខាងមុខ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះនៅរាជធានីភ្នំពេញ ខ្ញុំឲ្យរៀបចំផ្លូវទំនប់កប់ស្រូវត្រៀមប្រហែល៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកភ្នំពេញតែម្ដង។ កន្លែងនេះយើងទុក៧០ហិកតា យកធ្វើសួនសាធារណៈ ទុកឲ្យអ្នករាជធានីភ្នំពេញទៅលេង យើងរៀបចំកន្លែងពិកនិក ខន់សើតជាដើម»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ដើម្បីឆ្លើយតបជាមួយផែនការអភិវឌ្ឍសួនសាធារណៈនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបណ្ដុះកូនឈើរាប់ពាន់ដើម ដើម្បីត្រៀមដាំនៅសួនសាធារណៈដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ព្រោះថ្ងៃខាងមុខកណ្ដាលក្រុងធំៗ ត្រូវតែមានទីធ្លាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រៅពីរាជធានីភ្នំពេញ ដែលបានត្រៀមដីសម្រាប់ធ្វើសួនសាធារណៈបម្រើឲ្យផលប្រយោជន៍រួមនោះ តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវអនុវត្តបែបនេះដូចគ្នាដែរ ពោលបច្ចុប្បន្ននេះខេត្តកែប កំពុងអភិវឌ្ឍន៍ចាក់ខ្សាច់បំពេញនៅតាមតំបន់ឆ្នេរ ដើម្បីកែលម្អសោភ័ណភាពឲ្យកាន់តែស្អាត សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត រៀបចំសួនសាធារណៈកាន់តែច្រើនដើម្បីការលំហែកាយរបស់ប្រជាពលរដ្ឋ។ សម្ដេចបានជំរុញឲ្យបណ្ដារាជធានី-ខេត្តទាំងអស់ ត្រូវបន្ដការប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រៅពីបញ្ហាសួនសាធារណៈសម្រាប់ពលរដ្ឋសម្រាកលំហែកាយហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំប្រព័ន្ធផ្លូវសាធារណៈ ដើម្បីកែសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង និងកាត់បន្ថយការកកស្ទះចរាចរណ៍៕