(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបចំពោះការលើកឡើងរបស់ លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលលើកឡើងចង់ឱ្យសម្តេចចេញមុខចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក រឿងដាក់ពន្ធលើទំនិញកម្ពុជា៤៩ភាគរយ។
ចំពោះករណីនេះ សម្តេចបានលើកឡើងថា សម្តេចមិនប្រកាន់ចំពោះ លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ដែលមានគំនិតបែបនេះឡើយ ក៏ព្រោះតែពួកគាត់ មិនដែលធ្វើនាយករដ្ឋមន្រ្តីសូម្បីតែមួយវិនាទី ហើយគាត់គ្រាន់តែស្រមៃប៉ុណ្ណោះ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនបន្ទោសគាត់ទេ ខ្ញុំទទួលស្គាល់ គាត់រិះគន់ខ្ញុំ ប៉ុន្តែយើងបន្ទោសគត់មិនកើត ព្រោះគាត់មិនដែលធ្វើនាយករដ្ឋមន្រ្តីសូម្បី១វិនាទី អីចឹងគាត់មិនបានដឹងថានាយករដ្ឋមន្រ្តីធ្វើការយ៉ាងម៉េច? បន្ទោសគាត់មិនកើត ដោយសារគាត់មិនដែលអង្គុយកៅអីនាយករដ្ឋមន្រ្តី គាត់គ្រាន់តែស្រមៃ»។
សម្តេចបានបន្តថា លោក សម រង្ស៉ី តែងអ្វីៗធ្វើខ្លួនឯងទាំងអស់ ដោយសារតែគាត់មិនមានការងារធ្វើ ចំណែកសម្តេចមានការងារច្រើន មានសេនាធិការច្រើន ដែលមានជំនាញ។
សម្តេចបានរិះគន់ លោកសម រង្ស៉ី ដែលពូកែកេងចំណេញលើទុក្ខវេទនារបស់ប្រជាជន សូម្បីតែប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ ដោយករណីរលំបាក់អគារនៅប្រទេសថៃ ក៏គេបានយកមកវាយប្រហារដែរ។ សម្តេចបានចាត់ទុកថា លោក សម រង្ស៉ី និងបក្ខពួកបានកេងចំណេញនយោបាយចំពោះបុណ្យសពថែមទៀត។ សម្តេចចាត់ទុកថាអ្នកនយោបាយចាស់ទុំនេះ មិនមានគុណធម៌នោះទេ ដែលចាញ់ទាំងគណបក្សនយោបាយថ្មីៗក្មេងៗទៅទៀត។
សម្តេចបវរធិបតី បានរំលឹកអំពីប្រវត្តិការងាររបស់ លោក សម រង្ស៉ី ដែលធ្វើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានតែ១ឆ្នាំប៉ុណ្ណោះ ត្រូវបានបក្សរបស់ខ្លួនដេញចោល។
សម្តេចបានបន្តថា៖ «បើចេះឱ្យចេះប្រាកដ ចេះមិនប្រាកដខ្មាស់គេ បើមិនប្រាកដកុំយកមកនិយាយសាធារណៈខ្មាស់គេថែមទៀត កុំភ្លេចថាវាយប្រហារខ្ញុំ ក្នុងពេលជាមួយគ្នានេះ លោកបានដាក់សារឱ្យមនុស្សរាប់លាននាក់ វាយតម្លៃពីសមត្ថភាពរបស់លោក វាយតម្លៃពីគុណធម៌សីលធម៌របស់លោក ពិតណាស់ លោកជេរខ្ញុំ មានមនុស្សពីរបីរយនាក់ចូល Comments, Likes ចូលជេរ គាំទ្រលោក ប៉ុន្តែកុំភ្លេចបញ្ញវន្ត ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ក៏មើលដែរ គេក៏កំពុងមើលថា មនុស្សចាស់ម្នាក់នេះ ហេតុអ្វីក៏ប្រកាន់ជំហរ ក្មេងជាងកូនក្មេងដែលគាត់កំពុងជេរថែមទៀត»៕
សូមទស្សនាវីដេអូសម្តេចដូចតទៅ៖