(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចំពោះការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតី បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមរំលឹកផងដែរថា ដោយផ្អែកតាមប្រតិទិន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នឹងបង្ហោះលើវេបសាយផ្លូវការ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះទៅ។ ចំពោះការពិនិត្របញ្ជីឈ្មោះបោះឆ្នោត ចុះបញ្ជីតាមសាលាឃុំ សង្កាត់ នឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោយចូលឆ្នាំខ្មែរនេះ»

សម្ដេចមហាបវរធិបតីបានថ្លែងបន្ដថា «ហេតុដូច្នេះខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមអញ្ជើញ សូមទៅពិនិត្របញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ អនុវត្តសិទ្ធិ កតព្វកិច្ច ចំពោះរដ្ឋតាមរដ្ឋធម្មនុញ្ញារបស់យើង»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ការចូលរួមបោះឆ្នោត ដើម្បីចូលរួមបញ្ចេញសិទ្ធិរបស់ពលរដ្ឋ ចំពោះការផ្លាស់ប្ដូរដ្ឋាភិបាល ក្នុងរបបប្រជាធិបតេយ្យមានតែ៣ប្រភេទប៉ុណ្ណោះ ទី១, ការធ្វើរដ្ឋប្រហារ, ទី២, ប្រមូលប្រជាជនមកធ្វើបដិវត្តពណ៌ និងផ្ដួលរលំរាជរដ្ឋាភិបាល ទី៣​, លិទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត [......] ចំពោះការផ្លាស់ប្ដូរមេដឹកនាំ គឺត្រូវធ្វើតាមការបោះឆ្នោត ដែលតំណាងឲ្យប្រពលរដ្ឋទូទាំងប្រទេស ពេលនោះគឺជាការស្ទង់មតិធំបំផុត៥ឆ្នាំម្ដង ដែលប្រជាជនមានសិទ្ធិបោះឆ្នោត ហើយប្រជាជនដែលមានសិទ្ធិបោះឆ្នោះ១០០ភាគរយ គឺសូមទៅបោះឆ្នោត។

សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ការទៅបោះឆ្នោតគឺជាការស្ទង់មតិពិតប្រាកដ មិនមែនជាការស្ទង់មតិតាម Facebook ដោយប្រមូលគ្នីគ្នា១ម៉ឺន ១ពាន់នាក់មកធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល បង្កើតបញ្ហានោះទេ។ ដូច្នេះប្រជាពលដ្ឋត្រូវអនុវត្តន៍សិទ្ធិ តាមលទ្ធិប្រជាធិបតេយ្យ ដើម្បីការជ្រើសរើសមេដឹកនាំ តាមគោលការណ៍ប្រជាធិបតេយ្យ ដែលរក្សាបាននូវស្ថេរភាព, សន្ដិភាពនៅក្នុងប្រទេសរបស់យើង៕