(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងអស់ ផ្សព្វផ្សាយអំពីភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរ ដោយមិនបាច់ប្រើវិធីសាស្ត្រជេរតបទៅក្រុមប្រឆាំងដែលវាយប្រហារទម្លាក់កិត្យានុភាពរបស់កម្ពុជានោះទេ។
ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី បានថ្លែងដូច្នេះថា៖ «សូមឲ្យប្រជាពលរដ្ឋយើង រួមគ្នាផ្សព្វផ្សាយអ្វីដែលល្អៗ ពីស្រុកខ្មែររបស់យើងឱ្យបានច្រើន ឱ្យគេមកលេងស្រុកយើងឱ្យគេមកទេសរណ៍»។
សម្តេចបានថ្លែងអំណរគុណចំពោះ អ្នកបង្កើតមាតិកាមួយចំនួន ដែលខិតខំផ្សព្វផ្សាយល្អៗពីកម្ពុជា។ សម្តេចបានឧទាហរណ៍ថា នៅពេលឃើញសំរាម សូមកុំផ្សព្វផ្សាយសំរាម សូមផ្សព្វផ្សាយអ្វីដែលមានមនុស្សច្រើន អ្វីសប្បាយរីករាយ។ រឿងអសន្តិសុខ ក៏ដូចគ្នា កុំយករឿងឆក់មួយករណីទៅផ្សាយរាល់ថ្ងៃ សូមផ្សព្វផ្សាយអ្វីដែលយើងខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់។
សម្តេចបានបន្តថា ការគិតវិជ្ជមាន ធ្វើវិជ្ចមាន ផ្សព្វផ្សាយវិជ្ជមាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខរបស់រដ្ឋាភិបាលទេ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ កន្លែងណាដែលខ្វះចន្លោះសូមចូលទៅគេហទំព័ររបស់សាលារាជធានីភ្នំពេញ ដើម្បីប្រាប់អំពីរឿងខ្វះចន្លោះនេះ។
ទន្ទឹងនឹងអំពាវនាវបែបនេះ សម្តេចក៏បានលើកឡើងពាក់ព័ន្ធនឹងការរិះគន់របស់ក្រុមប្រឆាំងផងដែរ ដោយកន្លងទៅពួកគេប្រើប្រាស់ពាក្យពេជន៍មិនសមរម្យអសីលធម៌។ ចំណុចនេះ សម្តេចបានអំពាវនាវឱ្យអ្នកគាំទ្រ កុំតបតដោយពាក្យអសុរស ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌របស់ប្រទេសកម្ពុជា៕